(តេហេរ៉ង់)៖ កងកម្លាំងឆ្មាំការពារ​បដិវត្តន៍នៃប្រទេសអ៉ីរ៉ង់ (IRGC) បាន​ប្រកាសថា ទីបំផុតមេខ្លោង​នៅពីក្រោយការវាយប្រហារ ដោយ​ភេរវកម្ម​​ដ៏​អាក្រក់កាលពីខែមុន នៅទីក្រុង អាវ៉ាស (Ahvaz) ភាគនិរតីអ៉ីរ៉ង់ ត្រូវបានកម្ចាត់​ចោលហើយ នៅឯប្រទេស​អ៉ីរ៉ាក់។ នេះបើ​តាម​ការ​ដក​​ស្រង់​ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅល្ងាច​ថ្ងៃពុធ​ ទី១៧ ខែតុលា ឆ្នាំ២០១៨។

យោងតាមសេចក្តី​ប្រកាសរបស់កងកម្លាំង IRGC អ៉ីរ៉ង់បានបើកប្រតិបត្តិការ​នៅក្នុងខេត្ត ឌីយ៉ាឡា (Diyala) នៃប្រទេសអ៉ីរ៉ាក់ កាលពីវេលាព្រឹក​ថ្ងៃអង្គារសប្តាហ៍នេះ ហើយបានសម្លាប់​មេខ្លោងឈ្មោះ អាប៊ូ ដូហា (Abu Dhoha) ដែលជាអ្នករៀបចំ​ផែនការភេរវកម្មដ៏ខ្មៅ​ងងឹតនៅក្រុង Ahvaz ​រួមជាមួយគ្នីគ្នា ០៤នាក់ ទៀតរបស់​ជននោះ។

គួរជម្រាបថា កាលពីថ្ងៃទី២២ ខែកញ្ញា​កន្លងទៅ ខ្មាន់កាំភ្លើង​០៤នាក់ក្នុង​ឯសណ្ឋានជា​កងកម្លាំង IRGC បានធ្វើសកម្មភាពបាញ់រះ​​​ទៅលើក្បួនព្យុហយាត្រា​យោធាមួយ​នៅក្រុង Ahvaz នៃខេត្ត ឃូហ្សេស្ថាន (Khuzestan) ដើម្បីរំលឹកខួប​នៃសង្រ្គាមអ៉ីរ៉ាក់-អ៉ីរ៉ង់ឆ្នាំកាលពី១៩៨០ ដល់​ឆ្នាំ​១៩៨៨។ ក្នុង​ហេតុការណ៍នោះ​មនុស្ស ២៥នាក់ បានបាត់បង់ជីវិត និងជាង ៦០នាក់បានរងរបួស៕