(វ៉ាសូវី)៖ ប្រទេសប៉ូឡូញនាថ្ងៃពុធនេះ បានចុះហត្ថលេខាលើកិច្ចសន្យាមួយស្តីពីការផ្គត់ផ្គង់ឧស្ម័នធម្មជាតិក្នុងទម្រង់ជាសារធាតុរាវ (LNG) ប្រមាណ ០២លានតោន ជារៀងរាល់ឆ្នាំសម្រាប់រយៈពេល ២០ឆ្នាំ ពីសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។
ក្រុមហ៊ុនប្រេង និងឧស្ម័នប៉ូឡូញ PGNiG និងក្រុមហ៊ុនផលិតឧស្ម័នធម្មជាតិអាមេរិក Venture Global LNG បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២០ឆ្នាំ សម្រាប់ការផ្គត់ផ្គង់ LNG ទម្ងន់ ០២លានតោនជារៀងរាល់ឆ្នាំ (ស្មើនឹង ២.៧ពាន់លានម៉ែត្រគូប នៃឧស្ម័នធម្មជាតិធម្មតាជារៀងរាល់ឆ្នាំ នៅពេលធ្វើឲ្យវាទៅទម្រង់ឧស្ម័នវិញ)។
ប្រទេសប៉ូឡូញបានលើកឡើង ការទិញឧស្ម័នធម្មជាតិពីសហរដ្ឋអាមេរិក នឹងមានតម្លៃថោកជាងការទិញពីរុស្ស៉ីជិត ៣០ភាគរយ ហើយជាមួយគ្នានេះ វាក៏នឹងជួយបង្កើតអធិបតេយ្យភាព ក៏ដូចជាភាពប្រកួតប្រជែងរបស់ប៉ូឡូញផងដែរ។
គួរជម្រាបថា បច្ចុប្បន្នក្រុមហ៊ុន PGNiG បាននិងកំពុងធ្វើការនាំចូលឧស្ម័នរហូតដល់១០ពាន់លានម៉ែត្រគូប ក្នុងមួយឆ្នាំៗពីក្រុមហ៊ុន Gazprom របស់ប្រទេសរុស្ស៉ី ក្រោមកិច្ចសន្យារយៈពេលវែង ដែលនឹងផុតកំណត់នៅឆ្នាំ២០២២។ ការធ្វើរបស់អាមេរិកនេះ គឺស្ថិតនៅក្នុងគោលដៅកាត់បន្ថយឥទ្ធិពលនៃវិស័យថាមពលរុស្ស៊ី មកលើតំបន់អឺរ៉ុបជាពិសេស គឺបណ្តាប្រទេសអឺរ៉ុបខាងកើតតែម្តង៕