(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ីហ្គៃ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយថា រុស្ស៊ីនឹងចាកចេញពីក្រុមប្រឹក្សាអឺរ៉ុប (CoE) ដោយស្ម័គ្រចិត្ត បើសិនជាក្រុមអ្នកប្រឆាំង នៅតែបន្តទាមទារឱ្យបណ្ដេញទីក្រុងម៉ូស្គូ ចេញពីស្ថាប័នមួយនេះទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ EuroNews នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក Sergey Lavrov បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាពួកគេចង់បណ្ដេញរុស្ស៊ីចេញពីក្រុមប្រឹក្សាអឺរ៉ុប (CoE)... យើងនឹងដើរចេញពីស្ថាប័ននេះដោយស្ម័គ្រចិត្ត។ រុស្ស៊ីបានចូលរួមជាមួយ CoE ជាមួយទំនុកចិត្តថា ស្ថាប័ននេះអាចធានាបាននូវសមភាពសកល និងលំហមនុស្សធម៌ ក៏ប៉ុន្តែលំហទាំងនេះត្រូវបានបំផ្លាញ ដោយសារតែសកម្មភាពខុសច្បាប់ ដែលរំលោភលើធម្មនុញរបស់ខ្លួន»។ បន្ថែមពីលើនេះ លោក Lavrov ក៏បានបញ្ជាក់ដែរថា រុស្ស៊ីចូលរួមនៅក្នុង CoE ក៏ពិតមែនតែមិនបានទទួលអ្វីដូចដែលបណ្ដាប្រទេសអឺរ៉ុបដទៃទៀតនោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែតុលា អគ្គលេខាធិការ CoE លោក ថបចន ហ្សាក់ឡេន (Thorbjorn Jagland) បាននិយាយថា CoE អាចនឹងបណ្ដេញ រុស្ស៊ីចេញពីស្ថាប័នមួយនេះ បើសិនជាទីក្រុងម៉ូស្គូមិនព្រមបង់វិភាគទាន សម្រាប់កញ្ចប់ថវិកានៃស្ថាប័នឡើងវិញទេនោះ។ ដោយឡែកកាលពីខែមេសា ឆ្នាំ២០១៤ សភានៃសភាក្រុមប្រឹក្សាអឺរ៉ុប (Parliamentary Assembly of the Council of Europe (PACE) បានអនុម័តលើដំណោះស្រាយមួយ ដោយដកហូតសិទ្ធិរបស់ប្រតិភូរុស្ស៊ី ក្នុងការបោះឆ្នោតលើបញ្ហាតំបន់គ្រីមៀ។
ចំណែកឯរុស្ស៊ីបានសម្រេចចិត្តចាកចេញពី PACE នៅចុងឆ្នាំ២០១៥ ជាមួយការអះអាងថា នឹងចូលជាសមាជិកវិញ លុះត្រាតែរុស្ស៊ីទទួលបានសិទ្ធិបោះឆ្នោតឡើងវិញ។ មិនតែប៉ុណ្ណោះនៅឆ្នាំ២០១៧ ទីក្រុងម៉ូស្គូ បានសម្រេចចិត្តផ្អាកការផ្ដល់វិភាគទានដល់ CoE បើទោះជាខ្លួននៅតែបន្តអនុវត្តន៍តាមកាតព្វកិច្ចនានា ក្រោមអនុសញ្ញា CoE ក៏ដោយ៕