(រីយ៉ាដ)៖ លុយមូលនិធិជំនួយ ១០០លានដុល្លារ របស់អារ៉ាប៊ីសាអូឌីត ដែលសន្យាផ្ដល់ឱ្យរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ យកទៅប្រើប្រាស់ក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាស្ថេរភាពនៅតាមតំបន់មួយចំនួន នៅក្នុងប្រទេសស៊ីរីបានរត់ចូលក្នុងគណនីធនាគារអាមេរិកហើយ នៅថ្ងៃអង្គារសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Times នៅរសៀលថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។
យោងតាម New York Times លុយ ១០០លានដុល្លារ ត្រូវផ្ទេរចូលគណនីធនាគារអាមេរិកកាលពីថ្ងៃអង្គារ ពោលគឺចំថ្ងៃតែមួយដែល រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ធ្វើដំណើរទៅដល់ទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អារ៉ាប៊ីសាអូឌីត ជុំវិញការបាត់ខ្លួនយ៉ាងអាថ៌កំបាំងរបស់អ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីត លោក ចាម៉ាល់ ខានហូកជី (Jamal Khashoggi) កាលពីជាងពីរសប្ដាហ៍មុន។
ការទទួលមូលនិធិជំនួយនេះ គឺជាជ័យជម្នះមួយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការកាត់បន្ថយការចំណាយលុយ ដ៏ច្រើនសន្ធឹកសន្ធាប់ទៅកាន់បរទេស ហើយព័ត៌មាននេះត្រូវបានទទួលស្គាល់ ដោយមន្ត្រីអាមេរិកម្នាក់ថ្លែងបា្រប់សារព័ត៌មាន New York Times ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
ក៏ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ការទើបយល់ព្រមផ្តល់លុយដ៏ច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឡើងនៅក្នុងបរិបទដែលអារ៉ាប៊ីសាអូឌីត កំពុងរងសម្ពាធពីអន្តរជាតិ ជុំវិញការបាត់ខ្លួនរបស់លោក Khashoggi ដែលត្រូវបានក្រុមមន្ត្រីតួកគីអះអាងថា លោកត្រូវ ទីភ្នាក់ងារការស៊ើបការណ៍សំងាត់អារ៉ាប៊ីសាអូឌីត សម្លាប់នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូលប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលា។ តែទីក្រុងរីយ៉ាដបានច្រានចោលការចោទប្រកាន់នេះ ហើយសន្យាថា នឹងបង្កើនល្បឿនក្នុងការស៊ើបអង្កេត។
គួរបញ្ជាក់ថា កាលពីខែសីហាកន្លងទៅ អារ៉ាប៊ីសាអូឌីតបានសន្យាផ្ដល់មូលនិធិជំនួយ ១០០លានដុល្លារ ឱ្យរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ យកទៅប្រើប្រាស់ក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាស្ថេរភាព នៅតាមតំបន់មួយចំនួននៅក្នុងប្រទេសស៊ីរី។ ក៏ប៉ុន្តែនៅពេលនោះ លុយទាំងនេះមិនត្រូវបានគេបញ្ជាក់ថា ត្រូវប្រគល់ឱ្យនៅពេលណានោះទេ តែវាស្រាប់តែរត់ចូលគណនីធនាគារអាមេរិក ភ្លាមៗកាលពីថ្ងៃអង្គារ ក្រោយការមកដល់ទីក្រុងរីយ៉ាដរបស់លោក ប៉ុមប៉េអូ ដើម្បីពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អារ៉ាប៊ីសាអូឌីត ជុំវិញការបាត់ខ្លួនយ៉ាងអាថ៌កំបាំង របស់អ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីត លោក Khashoggi៕