(អាមេរិក)៖ ចំនួនមនុស្សស្លាប់ដោយសារខ្យល់ព្យុះហឺរីខិន ម៉ៃខឺល (Michael) នៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងដល់ ២៩នាក់ហើយ ខណៈអាជ្ញាធរកំពុងតាមស្វែងរកមនុស្សបាត់ខ្លួនជាង ១,៣០០នាក់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។
យោងតាមសារព័ត៌មាន CNN មនុស្ស ១៩នាក់ បានស្លាប់នៅក្នុងរដ្ឋផ្លូរីដា, ០៦នាក់នៅរដ្ឋវ៉ឺជីនៀ (Virgina), ០៣នាក់ នៅក្នុងរដ្ឋណតស៍ ខារ៉ូលីណា (North Carolina) និងម្នាក់នៅក្នុងរដ្ឋហ្សកហ្ស៊ី (Georgia)។ លើសពីនេះទៅទៀត ខ្យល់ព្យុះដ៏កំណាចនេះ ក៏បានបង្កឱ្យមនុស្សច្រើនជាង ១៥៨,០០០នាក់ ក្នុងនោះ ១៤០,០០០នាក់ នៅក្នុងរដ្ឋផ្លូរីដាគ្មានអគ្គិសនីប្រើប្រាស់។ ចំណែកឯបុគ្គលិកជួយសង្រ្គោះ ១៦,០០០នាក់ និងយោធា ៨,០០០នាក់ កំពុងចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ ស្របពេលទំហំខូចខាតត្រូវបានគេព្យាករណ៍ថា មានទំហំគិតជាទឹកប្រាក់ ៣០ពាន់លានដុល្លារ។
គួរជម្រាបថា កាលពីថ្ងៃពុធសប្តាហ៍មុន ព្យុះ Michael ក្នុងកម្រិតជាព្យុះហឺរិខិនកម្រិតទី ៤ ដែលមានកម្លាំងខ្យល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង បានបោកបក់សង្រ្គប់ទៅលើភាគពាយ័ព្យរដ្ឋផ្លូរីដា ដែលបានបង្កស្លាកស្នាមនៃការបំផ្លិចបំផ្លាញ និងភាពហិនហោចយ៉ាងធំធេង ជាពិសេសនៅក្រុងម៉ិចស៊ីកូប៊ីច (Mexico Beach)។
ក្រោយមកព្យុះនេះបានថយចុះឥទ្ធិពល និងបានវាយលុកទៅលើរដ្ឋ ០៤ផ្សេងទៀត រួមមាន ហ្សកហ្ស៊ី (Georgia), សោតស៍ ខារ៉ូលីណា (South Carolina), ណតស៍ ខារ៉ូលីណា (North Carolina) និង វ៉ឺជីនៀ (Virgina) មុនពេលវាចេញផុតទៅកាន់មហាសមុទ្រអាត្លង់ទិច នៅប៉ុន្មានថ្ងៃក្រោយ៕