(វ៉ាស៉ីនតោន)៖ មហាសន្និបាតនៃអង្គការសហប្រជាជាតិ UNGA បានអនុម័តលើសេចក្តីសម្រេចមួយ ដើម្បីផ្តល់សិទ្ធិថែមទៀតទៅឲ្យរដ្ឋប៉ាឡេស្ទីន ក្នុងនាមជាប្រធាននៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ Group of 77 ឬ G77។ នេះបើតាមសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។
សេចក្តីប្រកាសព័ត៌មានរបស់ UN បានលើកឡើងយ៉ាងដូច្នេះថា «មហាសន្និបាត UN បានសម្រេចផ្តល់សិទ្ធិចូលរួមថែមទៀតដល់រដ្ឋប៉ាឡេស្ទីន នៅពេលដែលប៉ាឡេស្ទីនឡើងកាន់តួនាទីនជាប្រធានរបស់ G77»។ សេចក្តីសម្រេចផ្តល់សិទ្ធិនេះ ត្រូវបាន UNGA អនុម័តក្នុងសំឡេងគាំទ្រដល់ទៅ ១៤៦ប្រទេស និងសំឡេងប្រឆាំងតែ ០៣ប្រទេសប៉ុណ្ណោះ ដែលក្នុងនោះរួមមានអូស្រ្តាលី អ៉ីស្រាអែល និងសហរដ្ឋអាមេរិក ហើយ ១៥ប្រទេសទៀតបានធ្វើអនុប្បវាទ។
បើតាមសេចក្តីប្រកាសខាងលើ សិទ្ធិបន្ថែមថ្មីទាំងនោះរួមមានទាំងសិទ្ធិធ្វើសេចក្តីថ្លែងការណ៍ ដាក់សំណើ និងរៀបចំពួកវា ក្នុងនាមជាអ្នកតំណាងឲ្យក្រុម G77 ទាំងមូលជាដើម ក្នុងចំណោមសិទ្ធិជាច្រើនផ្សេងទៀត។ គួរជម្រាបថា G77 ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៦៤ ដោយប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៧៧ ក្នុងសន្និសីទ UN មួយនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕