(វ៉ាស៊ីនតោន)៖ បណ្តាញសង្គម YouTube បានដំណើរការជាធម្មតាឡើងវិញហើយ បន្ទាប់ពីបានជាប់គាំង (Error) ជាសកលនៅព្រឹកថ្ងៃពុធ ហើយបណ្តាញសង្គមយក្សស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Google មួយនេះ ក៏បានចេញមុខសុំទោសអ្នកប្រើប្រាស់ទាំងអស់ ដែលបានជួបប្រទះបញ្ហាដ៏កម្រកើតមានបំផុតនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។
កម្មវិធី YouTube ត្រូវបានអ្នកប្រើប្រាស់រាយការណ៍ថា មានបញ្ហាបើកមិនចេញ (Errors) ហើយបើទោះជាគេហទំព័រនៃបណ្ដាញទំនាក់ទំនងសង្គមមួយនេះ នៅតែបើកចេញក៏ដោយ ក៏ប៉ុន្តែអ្នកប្រើប្រាស់ទាំងអស់មិនអាចបើកមើល ឬឆែក Videos នានាឃើញនោះទេ ជាមួយ សារផ្ញើបញ្ជូនត្រឡប់មកវិញឱ្យ «Error loading និង ព្យាយាមម្ដងទៀត»។
ចំណែកឯក្រុមហ៊ុន YouTube ក៏បានសូមទោស និងទទួលស្គាល់បញ្ហានេះដែរ។ ម្យ៉ាងវិញទៀត បើតាមសេចក្ដីរាយការណ៍របស់ Reuters បញ្ហាមិនដំណើរការនេះមានរយៈពេល ៩០នាទី ដោយធ្វើឱ្យប៉ះពាល់ដល់ YouTube TV និង YouTube Music ផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុនយក្សមួយនេះ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Google មិនបានបញ្ជាក់លម្អិតថា Youtube ត្រូវបានគេ Hack ឬក៏មានបញ្ហាបច្ចេកទេសអ្វីនោះទេ ឆ្លើយតបទៅនឹងសំណួរពីអ្នកសារព័ត៌មាន។ បញ្ហា Error នេះត្រូវបានគេរាយការណ៍ថា កើតឡើងនៅក្នុងប្រទេសជាច្រើនដូចជា កម្ពុជា សហរដ្ឋអាមេរិក អូស្រ្ដាលី សិង្ហបុរី ម៉ាឡេស៊ី ថៃ ជប៉ុន និងអង់គ្លេសជាដើម៕