(ញូយ៉ក)៖ ប្រធានក្រុមអ្នកស៊ើបអង្កេត នៃអង្គការសហប្រជាជាតិ (UN) ដែលចោទប្រកាន់ថា យោធាមីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យ ពូជសាសន៍ប្រឆាំងនឹងជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា នឹងចូលខ្លួនធ្វើបទបង្ហាញនៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ UN នៅក្នុងខែតុលានេះ បន្ទាប់ពីបារាំង អង់គេ្លស សហរដ្ឋអាមេរិក និងប្រទេសជាសមាជិក ០៦ ផ្សេងទៀត ស្នើបើកកិច្ចប្រជុំជាបន្ទាន់មួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។
ការស្នើបើកកិច្ចប្រជុំជាបន្ទាន់ខាងលើ កើតមានឡើងនៅចំពេលសហគមន៍អន្តរជាតិកំពុងដាក់សម្ពាធលើប្រទេសមីយ៉ាន់ម៉ា ទទួលខុស ត្រូវចំពោះប្រតិបត្តិការយោធានៅឯភាគខាងលិចរដ្ឋ រ៉ាឃីន (Rakhine) កាលពីឆ្នាំមុន ដែលបង្ខំឱ្យជនជាតិរ៉ូហ៊ីងយ៉ា ៧០០,០០០នាក់ រត់ភៀស ខ្លួនទៅកាន់ព្រំដែនប្រទេសបង់ក្លាដែស និងរាប់ពាន់នាក់បានស្លាប់។
ចំណែកឯក្រុមអ្នកស៊ើបអង្កេត UN បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខបញ្ឈប់ការលក់អាវុធ ដាក់ទណ្ឌកម្ម និងនាំយកអ្នកទទួលខុសត្រូវ លើការសម្លាប់រង្គាលជនជាតិរ៉ូហ៊ីងយ៉ាង ឡើងតុលាការ ព្រហ្មទណ្ឌអន្តជាតិ (ICC)។ ទោះបីជាយ៉ាងនេះក្តី ទាំងយោធាមីយ៉ាន់ម៉ា និងរដ្ឋាភិបាលរបស់លោកស្រី អោងសាន ស៊ូជី បានបដិសេធរាល់ការចោទប្រកាន់ ហើយអ្វីដែលពួកគេកំពុងធ្វើ គឺដើម្បីការពារជនស៊ីវិល និងរក្សាសន្តិសុខនៅក្នុងប្រទេសតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា សំណើបើកកិច្ចប្រជុំជាបន្ទាន់ និងឱ្យប្រធានក្រុមអ្នកស៊ើបអង្កេត UN ចូលខ្លួនស្រាយបំភ្លឺ ត្រូវបានចុះហត្ថលេខាដោយសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន ០៩ ក្នុងចំណោម ១៥ មានដូចជា អង់គ្លេស បារាំង ហូឡង់ ស៊ុយអែត ប៉ូឡូញ ប៉េរូ គុយវ៉ែត កូឌូវ័រ និងសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែទន្ទឹមគ្នានេះ ប្រភពការទូតជាច្រើនរំពឹងថា ចិន និងរុស្ស៊ី អាចនឹងប្រើប្រាស់សិទ្ធិវ៉េតូ (ជំទាស់) ដើម្បីការពារមីយ៉ាន់ម៉ាពីការថ្កោលទោស និងទណ្ឌកម្មអន្តរជាតិ ដូចដែលប្រទេសទាំងពីរធ្លាប់បានធ្វើនាពេលកន្លងមក៕