(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីលោក រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) បានថ្លែងថា ប្រទេសតួកគីនឹងអាចធ្វើការបង្កើនប្រតិបត្តិការយោធារបស់ខ្លួន នៅភាគខាងកើតប្រទេសស៊ីរី ដែលខ្លួនកំពុងដាក់មូលដ្ឋាន ដោយតួកគីអះអាងថា វាជាការកសាងសន្តិភាពសម្រាប់តំបន់ទាំងមូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។
នៅចំពោះមុខក្រុមសមាជិកសភា នៃគណបក្សកាន់អំណាច AKP របស់ប្រទេសតួកគី លោក Erdogan បានបញ្ជាក់ថា ប្រសិនបើសហរដ្ឋអាមេរិកមិនបញ្ចេញសកម្មភាពណាមួយនៅភាគខាងកើតទន្លេ អឺប្រាតស៍ (Euphrates) ឬក៏មិនមានការសម្រេចចិត្តណាមួយឲ្យសមស្របទេនោះ ប្រទេសតួកគីនឹងព្យាយាមបោះជំហានទៅមុខដែលអាចទៅរួច ដើម្បីប្រឆាំងក្រុមសកម្មប្រយុទ្ធ ឃើដ នៅក្នុងតំបន់ភាគខាងកើតស៊ីរីនេះតែម្តង។
ប្រធានាធិបតីតួកគីបានសង្កត់ធ្ងន់ថា យើងនឹងបង្កើនប្រតិបត្តិការយោធានៅភាគកើតស៊ីរី ហើយការធ្វើបែបនេះ គឺមិនមែនដើម្បីតែសន្តិភាពនៃប្រទេសតួកគីប៉ុណ្ណោះទេ តែវាក៏ជាការធ្វើឲ្យតំបន់ទាំងមូលស្ងប់សុខ សម្រាប់ប្រជាជនស៊ីរីដែលរស់នៅតំបន់នោះ។ ការថ្លែងរបស់ប្រធានាធិបតីតួកគីនេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បំពេញទស្សនកិច្ចនៅតួកគីដោយផ្ទាល់ ដើម្បីស្វែងយល់ចំពោះរឿងក្តីបាត់ខ្លួនអ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីត ដែលកំពុងរំជើបរំជួលនៅក្នុងប្រទេសតួកគី៕