(រីយ៉ាដ)៖ ព្រះអង្គម្ចាស់រាជទាយាតអារ៉ាប៊ីសាអូឌីត Mohammed Bin Salman បានបដិសេធថា ទ្រង់មិនបានដឹងថាមានអ្វីកើតឡើង លើអ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីត លោក Jamal Khashoggi នោះទេ ខណៈក្រុមមន្ត្រីតួកគីបានប្រាប់ CNN ថា អ្នកសារព័ត៌មានមកពីកាសែត Washington Post រូបនេះត្រូវបានគេសម្លាប់ និងកាត់ជាកង់ៗ។ នេះបើតាមប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដកស្រង់ដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។
កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨កន្លងទៅ លោក Jamal Khashoggi ដែលជាអ្នករិះគន់ការដឹកនាំនៃរាជ្យវង្សអារ៉ាប៊ីសាអូឌីត បានចូលក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ដើម្បីទទួលយកឯកសារសម្រាប់គំរោងរៀបអាពាហ៍ពិពាហ៍របស់ លោក ជាមួយស្ត្រីជាជនជាតិតួកគីម្នាក់ឈ្មោះ ហាធីស សិនជីស (Hatice Cengiz)។ លោកមិនត្រូវបានគេឃើញចេញមកខាងក្រៅ វិញនោះទេ ស្របពេលមានសេចក្ដីរាយការណ៍ជាច្រើនថា លោកត្រូវបានទីភ្នាក់ងារស៊ើបការណ៍សំងាត់អារ៉ាប៊ីសាអូឌីតសម្លាប់។ ក៏ប៉ុន្តែទីក្រុងរីយ៉ាដបដិសេធ រីឯបណ្ដាប្រទេសលោកខាងលិចបានដាក់សម្ពាធការទូតឱ្យប្រទេសជាមហាសេដ្ឋីប្រេងមួយនេះពន្យល់ លម្អិតពីការបាត់ខ្លួនរបស់លោក Khashoggi។
ដោយឡែក ជុំវិញសំណុំរឿងដ៏ចម្រូងចម្រាស់នេះដែរ លោក ដូណាល់ ត្រាំ បានអះអាងថា ព្រះអង្គម្ចាស់ Mohammed Bin Salman បានបដិសេធថា ទ្រង់មិនបានដឹងថា មានអ្វីកើតឡើងលើលោក Khashoggi នោះទេ។ លោក ត្រាំ បានបញ្ជាក់នៅក្រោយនិយាយទូរស័ព្ទជាមួយព្រះម្ចាស់ Bin Salman នៅថ្ងៃអង្គារ៍ម្សិលមិញដូច្នេះថា៖ «ព្រះអង្គម្ចាស់រាជទាយាត បានប្រាប់ខ្ញុំថា ទ្រង់មិនបានដឹងថាមានអ្វីកើត ឡើងលើលោក Khashoggi នោះឡើយ ហើយថានឹងពន្លឿនការស៊ើបអង្កេតលើបញ្ហានេះ...ដូច្នេះយើងនឹងបានដឹងចម្លើយឆាប់ៗនេះ»។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ពុំទាន់មានការបញ្ជាក់ជាផ្លូវការណាមួយថា មានអ្វីកើតឡើងលើលោក Jamal Khashoggi ឱ្យពិតប្រាកដនៅឡើយទេ ហើយបើទោះជាក្រុមមន្ត្រីតួកគីបានឱ្យដឹងថា លោកត្រូវបានគេសម្លាប់ និងកាត់កង់ៗក៏ដោយ។ ក៏ប៉ុន្តែ គេមិនទាន់រកឃើញសាកសពរបស់លោកនៅឡើយដែរ ខណៈសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចព្រមានថា នឹងដាក់ទណ្ឌកម្មប្រឆាំងអារ៉ាប៊ីសាអូឌីត បើសិនជាទីក្រុងរីយ៉ាដមានជាប់ពាក់ព័ន្ធនឹងការសម្លាប់ លោក Khashoggi មែននោះ៕