(ម៉ូស្គូ)៖ ចាប់ពីថ្ងៃទី២១ ខែតុលា រហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា យោធារុស្ស៉ីនិងប៉ាគីស្ថាន នឹងរួមគ្នាធ្វើសមយុទ្ធលក្ខណៈមិត្តភាពប្រចាំឆ្នាំ២០១៨នេះ នៅតាមតំបន់ភ្នំនៃប្រទេសប៉ាគីស្ថាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។
បើតាមប្រធានផ្នែកព័ត៌មាននៃយោធារុស្ស៉ីនៅភូមិភាគខាងត្បូង សមយុទ្ធយោធារួមខាងលើ នឹងប្រព្រឹត្តទៅនៅទីលានហ្វឹកហាត់ក្នុងក្រុងប៉ាបប៊ី (Pabbi) ភាគពាយ័ព្យប៉ាគីស្ថាន ដែលជាតំបន់ភ្នំ ហើយកងទ័ពនៃប្រទេសទាំងពីរ នឹងអនុវត្តន៍លំហាត់យោធាផ្សេងៗនៅរយៈកម្ពស់១,៤០០ម៉ែត្រធៀបនឹងកម្រិតនីវ៉ូទឹកសមុទ្រ។
គួរជម្រាបថា រុស្ស៉ីនិងប៉ាគីស្ថាននាពេលកន្លងមកនេះ តែងបានធ្វើសមយុទ្ធយោធាមិត្តភាព ចាប់តាំងពីឆ្នាំ២០១៦មក ដោយកាលពីឆ្នាំ២០១៧ កងទ័ពរុស្ស៉ីនិងប៉ាគីស្ថានសរុបជាង២០០នាក់ បានរួមគ្នាធ្វើសមយុទ្ធ ក្នុងតំបន់ North Caucasus ភាគខាងត្បូងរុស្ស៉ី នៅរយៈកម្ពស់២,៣០០ម៉ែត្រលើកម្រិតនីរ៉ូទឹកសមុទ្រ៕