(អាមេរិក)៖ ទោះបីជាព្យុះហឺរីខិនបានកន្លងផុតទៅមួយរយៈហើយក៏ដោយ ខណៈពេលនេះមនុស្សជាង ១,៣០០នាក់ កំពុងបន្តត្រូវក្រុមសង្រ្គោះ និងអ្នកស្ម័គ្រចិត្តតាមស្វែងរកយ៉ាងខ្នះខ្នែងជាទីបំផុត នៅក្នុងរដ្ឋផ្លូរីដារបស់សហរដ្ឋអាមេរិក ក្រោយពីបានរងការវាយប្រហារយ៉ាងដំណំពីព្យុះ ម៉ៃខឺល (Michael) កាលពីសប្តាហ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។
រហូតមកទល់ពេលនេះ ក្រុមជួយសង្រ្គោះ និងក្រុមអ្នកស្ម័គ្រកំពុងតាមព្យាយាមស្វះស្វែងរកមនុស្សចំនួនខ្ទង់ ១,៣០០នាក់ ដែលនៅតែបន្តបាត់ខ្លួននៅតំបន់រងគ្រោះមហន្តរាយ នៅភាគពាយ័ព្យរដ្ឋផ្លូរីដា។ មនុស្សយ៉ាងតិចចំនួន ១៩នាក់ ក្នុងរដ្ឋចំនួនបួនបានស្លាប់ ខណៈមនុស្សជាង ១៥០,០០០នាក់ នៅតែមិនទាន់មានចរន្តអគ្គិសនីប្រើប្រាស់ នៅទូទាំងភាគអាគ្នេយ៍អាមេរិក ដែលបានទទួលរងការវាយលុកពីខ្យល់ព្យុះ។
គួរជម្រាបថា កាលពីថ្ងៃពុធសប្តាហ៍មុន ព្យុះ Michael ក្នុងកម្រិតជាព្យុះហឺរិខិនកម្រិតទី ៤ ដែលមានកម្លាំងខ្យល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង បានបោកបក់សង្រ្គប់ទៅលើភាគពាយ័ព្យរដ្ឋផ្លូរីដា ដែលបានបង្កស្លាកស្នាមនៃការបំផ្លិចបំផ្លាញ និងភាពហិនហោចយ៉ាងធំធេង ជាពិសេសនៅក្រុងម៉ិចស៊ីកូប៊ីច (Mexico Beach)។ ក្រោយមកព្យុះនេះបានថយចុះឥទ្ធិពល និងបន្តវាយលុកទៅលើរដ្ឋ ០៤ផ្សេងទៀត រួមមាន ហ្សកហ្ស៊ី (Georgia), សោតស៍ ខារ៉ូលីណា (South Carolina), ណតស៍ ខារ៉ូលីណា (North Carolina) និង វ៉ឺជីនៀ (Virgina) មុនពេលវាចេញផុតទៅកាន់មហាសមុទ្រអាត្លង់ទិច នៅប៉ុន្មានថ្ងៃក្រោយ៕