(ប៉េកាំង)៖ អាចម៍ផ្កាយមួយត្រូវបានដាក់ឈ្មោះថា Nan Rendong ដែលជាស្ថាបនិកបង្កើតតេឡេស្កូបយក្ស FAST នៅក្នុងប្រទេសចិន ដែលមានមុខកាត់ ៥០០ម៉ែត្រនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។
អាចម៍ផ្កាយ Nanrendong គឺមានលេខកូដ 79694 ត្រូវបានរកឃើញកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៩៨ ដោយក្រុមតារាវិទូ ជាមួយនឹងកម្មវិធីអង្កេតអាចម៍ផ្កាយ Beijing Schmidt CCD ស្ថិតនៅក្នុងមន្ទីរអង្កេត Xinglong នៃភាគខាងជើងប្រទេសចិន។ ការដាក់ឈ្មោះត្រូវបានធ្វើឡើងជាផ្លូវការ នៅក្នុងកម្មវិធីនៃមន្ទីរអង្កេតតារាសាស្ត្រជាតិចិន នៅក្នុងខេត្ត គួយចូវ (Guizhou) ភាគនិរតីប្រទេសចិន។
ដោយរូបសំណាករបស់លោក Nan ក៏ត្រូវបានបង្ហាញនៅក្នុងការប្រារព្ធពិធីដាក់ឈ្មោះ ឲ្យអាចម៍ផ្កាយខាងលើនេះដែរ។ សម្រាប់តេឡេស្កូបប្រើរលកវិទ្យុសកម្ម FAST ខាងលើនេះវិញ គឺត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ២០១៦ ចំពេលប្រារព្ធខួប ២០ឆ្នាំ នៃការរកឃើញអាចម៍ផ្កាយ ទើបត្រូវបានដាក់ឈ្មោះឲ្យថា Nanrendong នោះផងដែរ។
បន្ថែមពីនេះទៀតលោក Nan គឺជាស្ថាបនិកមួយរូប ដែលធ្លាប់បម្រើការងារជាប្រធានក្រុមអ្នកវិទ្យាសាស្ត្រក្នុងការជ្រើសរើសទីតាំងសម្រាប់តម្លើង និងកសាង FAST តាំងពីឆ្នាំ១៩៩៤មក។ លោកបានប្តេជ្ញាកសាងតេឡេស្កូបប្រើរលកសញ្ញា ដែលធំជាងគេបំផុតនៅលើភពផែនដី ដើម្បីចាប់យករលកសំឡេងពីទីអវកាសឆ្ងាយ និងជាតេឡេស្កូបដែលមានសមត្ថភាពបកស្រាយសារ ដែលបញ្ជូនមកពីទីអវកាសផងដែរ។
គួរបញ្ជាក់ថា លោកបានចំណាយពេល ២២ឆ្នាំទៅលើគំរោងទាំងមូល និងបានទទួលមរណភាពដោយជំងឺមហារីកកាលពីឆ្នាំ២០១៧ ក្នុងជន្មាយុ ៧២ឆ្នាំ។ ការដាក់ឈ្មោះឲ្យអាចម៍ផ្កាយដែលមានលេខកូដ 79694 ថា Nanrendong គឺដើម្បីរំលឹកដល់លោក Nan Rendong ដែលបានចំណាយពេលស្ទើរកន្លះជីវិត ដើម្បីអភិវឌ្ឍន៍វិស័យតារាសាស្ត្ររបស់ចិន៕