(វ៉ាស៊ីនតោន)៖ ចៅក្រមសហព័ន្ធអាមេរិកម្នាក់ បានច្រានចោលបណ្ដឹងបរិហារកេរ្តិ៍ ប្រឆាំងនឹងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ របស់អតីតតារាថតខ្សែភាពយន្ដអាសអាភាសអាមេរិកនាង ស្តូមី ដានីញែល (Stormy Daniels)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Hill ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។
នាង Stormy Daniels បានដាក់ពាក្យបណ្ដឹងបរិហារកេរ្តិ៍ប្រឆាំងនឹងលោក ដូណាល់ ត្រាំ កាលពីខែសីហាកន្លងទៅ ដោយរូបនាងចោទប្រកាន់ប្រធានាធិបតីអាមេរិករូបនេះ បានចោទរូបនាងថា បានប្រឌិតព័ត៌មានដែលថា លោក ត្រាំ បានគំរាមកំហែងរូបនាង និងកូនស្រី មិនឱ្យនិយាយពីទំនាក់ទំនងអាស្រូវផ្លូវភេទ រវាងអ្នកទាំងពីរកាលពីអតីតកាល។ បន្ថែមពីលើនេះនៅក្នុងពាក្យបណ្ដឹងប្ដឹងលោក ត្រាំ នាង Stormy Daniels ក៏បានទាមទារសំណងជំងឺចិត្ត ៧៥,០០០ដុល្លារផងដែរ។
ក៏ប៉ុន្តែបើតាមសារព័ត៌មាន The Hill ចៅក្រមសហព័ន្ធលោក ចេមស៍ អូទែរ៉ូ (James Otero) បានច្រានចោលបណ្ដឹងរបស់ អតីតតារាថតខ្សែភាពយន្ដអាសអាភាសអាមេរិករូបនេះ ជាមួយការអះអាងថា អ្វីដែលលោក ត្រាំ បាននិយាយនៅលើ Twitter គ្រាន់តែជាការពារខ្លួនឯងពីការចោទប្រកាន់ ប្រឆាំងនឹងរូបលោកតែប៉ុណ្ណោះ។
គួរជម្រាបថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក នាង Daniels ធ្លាប់បានទទួលប្រាក់ ១៣០,០០០ដុល្លារ តែមួយសប្ដាហ៍ប៉ុណ្ណោះ មុននឹងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ ចូលមកដល់ ជាថ្នូរនឹងការបិទមាត់មិនគាស់កកាយរឿងអាស្រូវជាមួយ លោកត្រាំ។ ប៉ុន្តែសេតវិមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បដិសេធចំពោះសេចក្ដីរាយការណ៍នេះ៕