(ហូជីមិញ)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ចេមស៍ ម៉ាត់ទីស (James Mattis) បានអះអាងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគាំទ្ររូបលោក ១០០ភាគរយ ហើយការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីលោកត្រាំបាននិយាយថា លោកអាចនឹងលាលែងពីតំណែងជារដ្ឋមន្ត្រីការពារជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។
លោក ម៉ាត់ទីស ថ្លែងបែបនេះនៅចំពោះមុខអ្នកសារព័ត៌មាន មុនធ្វើដំណើរមកទៅដល់ប្រទេសវៀតណាមនៅថ្ងៃអង្គារនេះ ជាមួយការបញ្ជាក់ថា លោកបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីលោក ដូណាល់ ត្រាំ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយ នៅអំឡុងពេលលោក ធ្វើដំណើរចាកចេញពីទីក្រុងវ៉ាស៊ីនតោន។ ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «លោកប្រធានាធិបតី ត្រាំ គាំទ្រខ្ញុំ ១០០ភាគរយ»។
ក៏ប៉ុន្តែនៅពេលត្រូវបានសាកសួរថា តើលោកគឺជាអ្នកប្រជាធិបតេយ្យដូចដែលលោក ត្រំា បានអះអាងនៅក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃអាទិត្យដែរ ឬទេ? លោក ម៉ាត់ទីស បានឆ្លើយថា លោកមិនដែលចាត់ទុកខ្លួនឯងថាជាអ្នកសាធារណរដ្ឋ ឬក៏ប្រជាធិបតេយ្យនោះឡើយ។ «ខ្ញុំមិនដែលឈរនៅខាងគណបក្សនយោបាយណាមួយនោះទេ»។ នេះការបញ្ជាក់យ៉ាងខ្លីរបស់លោក ម៉ាត់ទីស។
គួរបញ្ជាក់ថា បើតាមលោក ចេមស៍ ម៉ាត់ទីស លោកមិនដែលបាននិយាយពីការលាលែងពីតំណែងជាមួយលោក ដូណាល់ ត្រាំ នោះទេ បើទោះជាមានពាក្យចចាមអារ៉ាមថា ទំនាក់ទំនងរវាងអ្នកទាំងពីរមានភាពល្អក់កករ ក្រោយលោក ម៉ាត់ទីស ត្រូវបានគេរាយការណ៍ថា បានហៅការសម្រេចចិត្តលើការងាររបស់លោក ត្រាំ ថាជាដូចក្មេងរៀនថ្នាក់ទី ១០ក៏ដោយ។ ក៏ប៉ុន្តែពាក្យចចាមអារ៉ាមនេះក៏ធ្លាប់ត្រូវ បានរូបលោកផ្ទាល់បដិសេធជាច្រើនដងរួចមកហើយដែរ៕