(អង់ការ៉ា)៖ ទីភ្នាក់ងារចារកម្មរបស់តួកគី (MİT) ត្រូវគេមើលឃើញថា គឺជាឧបករណ៍សម្ងាត់ដ៏សំខាន់របស់រដ្ឋាភិបាលលោក រេសិប តាយយីប អឺដូហ្កាន់ (Recep Tayyip Erdogan) ដែលកំពុងត្រូវប្រើដើម្បីផ្លាស់ប្តូរប្រទេសតួកគីឲ្យទៅជាប្រទេសអ៉ីស្លាមនិយមថ្មីមួយនោះ បានបង្កើនការចំណាយរបស់ខ្លួនរហូតទៅដល់ ២៤៨ភាគរយ នៅក្នុងឆ្នាំ២០១៧។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Stockholm Center for Freedom នៅរសៀលថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។
យោងតាមរបាយការណ៍សវនកម្មរដ្ឋសម្រាប់ឆ្នាំ២០១៧ របស់គណៈកម្មាធិការគណនេយ្យ ដែលធ្វើការត្រួតពិនិត្យឡើងវិញ លើការចំណាយរបស់ភ្នាក់ងាររដ្ឋាភិបាល ដែលបានមកពីការបង់ពន្ធរបស់ប្រជាជននោះបានឲ្យដឹងថា ទ្រព្យសកម្មរបស់ទីភ្នាក់ងារចារកម្មនេះ បានកើនឡើងពី ៨៣៤លានលីរ៉ា (១៤៤លានដុល្លារ) នៅក្នុងឆ្នាំ២០១៦ ដល់ ២៩ពាន់លានលីរ៉ា (០៥ពាន់លានដុល្លារ) នៅឆ្នាំ២០១៧។
របាយការណ៍នេះ ក៏បានរួមបញ្ចូលការចំណាយថ្មីៗនៅក្នុងកញ្ចប់ថវិកា ដែលមិនមានរាប់បញ្ចូលក្នុងការធ្វើសវនកម្មកាលពីលើកមុន ដែលបង្ហាញថា ទីភ្នាក់ងារនេះមាន៨២១លានលីរ៉ា (១៤១លានដុល្លារ) នៅក្នុងបញ្ជី «គណនីវិនិយោគដែលកំពុងបន្ត»។
នេះគឺជាតួលេខដ៏ធំមួយដែលអាចពន្យល់បានថា ការពិតដែលការផ្តល់មូលនិធិនៃប្រតិបត្តិការសម្ងាត់ខ្លះត្រូវបានគេលាក់ក្នុងកញ្ចប់ថវិកាថ្មី ហើយត្រូវបានអះអាងជំនួសមកវិញថា វាគ្រាន់ជាការវិនិយោគអចលនទ្រព្យសម្រាប់ភ្នាក់ងារ MİT និងគម្រោងដទៃទៀត។ ការធ្វើបែបនេះវាមិនមានអ្វីផ្សេងក្រៅតែពីការប៉ុនប៉ង គេចវេសពីការទទួលខុសត្រូវ និងតម្លាភាពនោះទេ។
ចាប់តាំងពីឆ្នាំ២០១៦ ទីភ្នាក់ងារចារកម្មរបស់ប្រទេសតួកគី ក៏បានចូលរួមនៅក្នុងគម្រោងស៉ើបអង្កេតថ្មីមួយ ដើម្បីរឹបអូសក្រុមហ៊ុនដោយខុសច្បាប់ ពីសំណាក់រដ្ឋាភិបាលក្នុងការរំលោភបំពានដោយឥតលាក់លៀម នៃប្រព័ន្ធយុត្តិធម៌ផងដែរ។ ការស៉ើបអង្កេតនេះធ្វើឡើងលើក្រុមហ៊ុន ដែលជាអ្នករិះគន់លោក Erdogan ដោយភ្នាក់ងារចារកម្ម MİTទោះបីជាខុសច្បាប់យ៉ាងណាក៏ដោយ ក្រោយមកក៏បញ្ជូនទៅការិយាល័យរដ្ឋអាជ្ញា និងតុលាការដើម្បីចេញដីការឹបអូស។
គួរជម្រាបថា ក្នុងរបបរបស់លោក Erdogan មានការបានរឹបអូសយកក្រុមហ៊ុនចំនួនជាង ១,០០០ ដែលមានតម្លៃសរុបជាង ១១ពាន់លានដុល្លារ នាអំឡុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ ក្នុងករណីមួយចំនួនប្រតិបត្តិការរបស់ MİT បានគំរាមកំហែង និងរារាំងអ្នកជំនួញដោយរឹបអូសទ្រព្យសម្បត្តិរបស់ពួកគេ លុះត្រាតែពួកគេយល់ព្រមចូលរួម ក្នុងកិច្ចការចារកម្មជំនួសឱ្យរដ្ឋាភិបាល Erdogan នៅបរទេស។ នេះបើតាមរបាយការណ៍៕