(ស៊ីដនី)៖ ក្រុមអ្នកឃ្លាំមើលព័ត៌មានទាក់ទិននឹងរាជវង្សអង់គ្លេស នឹងធ្វើដំណើរទៅកាន់ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីនៅថ្ងៃអង្គារនេះ បន្ទាប់ពីមានការប្រកាសថា ព្រះអង្គម្ចាស់ Harry និងភរិយារបស់ទ្រង់គឺអ្នកម្នាង មេហ្គាន (Meghan) មានបុត្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។
ព្រះរាជវាំង ខេនស៊ីងតុន (Kensington Palace) បានប្រកាសពីព័ត៌មានមានគត៌នេះ ខណៈព្រះអង្គម្ចាស់ Harry និងមហេសីរបស់ទ្រង់ឈ្មោះ Meghan កំពុងបំពេញដំណើរទស្សនកិច្ចរយៈពេល ១៦ថ្ងៃ នៅក្នុងប្រទេសអូស្រ្តាលី ដើម្បីចូលរួមក្នុងកម្មវិធី Invictus Games ដែលព្រះអង្គម្ចាស់ Harry បានបង្កើតឡើងកាលពីឆ្នាំ២០១៤។ កម្មវិធី Invictus Games នេះនឹងត្រូវធ្វើឡើងពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែតុលានេះ។
បន្ថែមពីលើនេះ ប្ដីប្រពន្ធរាជវង្សអង់គ្លេសទាំងពីរអង្គ នឹងត្រូវចំណាយចំពេលពេញមួយថ្ងៃដំបូង នៅក្នុងទីក្រុងស៊ីដនីព្រមទាំងបំពេញទស្សនកិច្ចសួនសត្វក្នុងទីក្រុង តារ៉ុងហ្គា (Taronga Zoo) មុននឹងយាងដំណើរបន្តតាមទូកទៅកាន់ អគារអូពែរ៉ា ដ៏ល្បីល្បាញក្នុងទីក្រុងស៊ីដនី (Sydney Opera House) ដើម្បីជួបអ្នកគាំទ្រ។
គួរបញ្ជាក់ថា បើតាមព័ត៌មានជាច្រើន ព្រះរាជបុត្រថ្មីនៃរាជវង្សអង់គ្លេស នឹងត្រូវប្រសូតនៅឆ្នាំក្រោយ ខណៈមានការរំពឹងថា ព្រះអង្គម្ចាស់ Harry និងមហេសីអាចនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសដីកោះ ហ្វីជី (Fiji), តុងហ្គា (Tonga) និងប្រទេសនូវែលសេឡង់ផងដែរ ក្នុងពេលឆាប់ៗនេះ ដោយដែនដីទាំងនេះសុទ្ធសឹងតែស្ថិតនៅក្នុងចង្កោមប្រទេស Common Wealth ដែលចាត់ទុករាជវង្សអង់គ្លេស គឺជារាជវង្សរបស់ពួកគេផងដែរ និងសុទ្ធសឹងជាប្រទេសអតីតធ្លាប់ស្ថិតក្រោមអាណានិគមអង់គ្លេស៕