(អាមេរិក)៖ ក្រុមហ៊ុន Google បានសម្រេចដកខ្លួនមិនចូលរួមក្នុងកិច្ចប្រជុំស្តីពីវិស័យវិនិយោគអនាគត (Future Investment Initiative ឬ FII) នៅទីក្រុងរីយ៉ាដ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតនោះឡើយ ខណៈបញ្ហានៃការបាត់ខ្លួនអ្នកកាសែតប្រឆាំង ជាជនជាតិអារ៉ាប៊ីសាអូឌីតឈ្មោះ ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) នៅតែមិនទាន់អាចដោះស្រាយដាច់ស្រេច។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។
កិច្ចប្រជុំខាងលើនឹងប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ទី២៥ ខែតុលា ក្រោមការរៀបចំរបស់ មូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត។ យោងតាមការបញ្ជាក់ពីអ្នកនាំពាក្យរបស់ Google លោកស្រី ដាយ៉ាន ហ្គ្រីន (Diane Greene) ដែលជានាយកប្រតិបត្តិនៃផ្នែកសេវា Cloud (សេវាស្តុកទិន្នន័យលើអ៉ីនធើណែត) នឹងមិនទៅចូលរួមកិច្ចប្រជុំ FII ឡើយ ប៉ុន្តែពុំទាន់មានការបញ្ជាក់ពីមូលហេតុពីក្រោយការសម្រេចចិត្តបែបនេះនោះទេ។
ទន្ទឹមនឹងនេះ ធនាគារពិភពលោក សារព័ត៌មានធំៗនៅអាមេរិក ដូចជា The New York times, Bloomberg និង CNBC និងក្រុមហ៊ុនអ៊ូប៊ឺ (Uber) ក៏បានប្រកាសមិនចូលរួមកិច្ចប្រជុំខាងលើដូចគ្នាដែរ។
គួរជម្រាបថា លោក Khashoggi បានបាត់ខ្លួននៅប្រទេសតួកគីកាលពីថ្ងៃទី០២ ខែតុលា។ បើតាមការអះអាងពីគូដណ្តឹងរបស់លោក អ្នកកាសែតរូបនេះត្រូវបានអញ្ជើញទៅកាន់ស្ថានកុលស៊ុលអារ៉ាប៊ីសាអូឌីត នៅក្រុងអ៉ីស្តង់ប៊ុល ប៉ុន្តែពុំត្រូវបានឃើញចាកចេញមកវិញឡើយ។ យោងតាមការចុះផ្សាយលើសារព័ត៌មាន ក្រុមអ្នកស៉ើបអង្កេតតួកគីមានការសង្ស័យថា លោក Khashoggi ត្រូវបានគេសម្លាប់នៅទីនោះ ប៉ុន្តែអារ៉ាប៊ីសាអូឌីតបានអះអាងថា លោក Khashoggi តាមពិតបានបាត់ខ្លួនក្រោយពេលចាកចេញពីស្ថានកុងស៊ុល៕