(ឡុងដ៏)៖ ក្រសួងការពារជាតិអង់គ្លេសបានចេញរបាយការណ៍មួយ ដោយបញ្ជាក់ថា ប្រទេសរុស្ស៊ីនឹងធ្វើការភ្ជាប់ទំនាក់ទំនងជាសកល នៅគ្រប់របៀបវារៈទាំងអស់នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះទៀតប៉ុណ្ណោះ ដែលវានឹងក្លាយជាឥទ្ធិពលថ្មីមួយសម្រាប់រុស្ស៊ីនៅលើឆាកអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។
នៅថ្ងៃចន្ទសប្តាហ៍នេះ ក្រសួងការពារជាតិនៃចក្រភពអង់គ្លេស បានចេញផ្សាយនូវរបាយការណ៍យុទ្ធសាស្ត្រសកល GST លើកទី ៦ ដែលជាការបន្ថែមនូវយុទ្ធសាស្ត្រការពារជាតិថ្មី ពីលើយុទ្ធសាស្ត្រដែលត្រូវបានបង្កើតឡើងកាលពី ០៣ឆ្នាំមុន។ នៅក្នុងរបាយការណ៍នោះបានបញ្ជាក់យ៉ាងដូច្នេះថា «ការផ្សាភ្ជាប់របស់រុស្ស៊ីរបស់ទៅក្នុងការទំនាក់ទំនងនានាជាសកល កំពុងតែមានការកើនឡើង ជាពិសេសនៅក្នុងដែនសមុទ្រទឹកកកអាក់ទិក ក៏ដូចជាមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងផងដែរ...»។
ចំពោះចំណុចខាងលើនេះ គឺចង់សំដៅទៅលើការពង្រីកវិស័យជំនួញផ្នែកថាមពល ដែលជាគោលចម្បងមួយ នៃការអភិវឌ្ឍសេដ្ឋកិច្ចរុស្ស៊ី បូករួមទាំងការបង្កើតទំនាក់ទំនងជាមួយប្រទេសស្ថិតនៅក្នុងគំរោងយុទ្ធសាស្ត្រនៅថ្ងៃអនាគតរុស្ស៊ី ហើយបង្កើតមូលដ្ឋានយោធានៅទីនោះតែម្តង ជាក់ស្តែងដូចជារបាយការណ៍ដ៏រសើបមួយ ដែលត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះ អំពីការបង្កើតមូលដ្ឋានទ័ពរុស្ស៊ី នៅភាគខាងកើតលីប៊ីជាដើម។
គួរបញ្ជាក់ថា របាយការណ៍ខាងលើនេះ គឺជាការព្រមានមួយផងដែរទៅដល់បណ្តាសម្ព័ន្ធមិត្តរបស់អង់គ្លេស អំពីឥទ្ធិពលដែលនឹងកើនឡើងរបស់ប្រទេសរុស្ស៊ី តាមរយៈការបង្កើនតួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិ និងធ្វើឲ្យមានតុល្យភាពអំណាចឡើងវិញជាមួយសហរដ្ឋអាមេរិក៕