(ស៊ីដនី)៖ នាយករដ្ឋមន្ត្រី​អូស្រ្តាលី លោក ស្តុត ម៉ារីសុន (Scott Morrison) ដែល​ទើបឡើង​កាន់តំណែង​ថ្មីៗដែរនោះ​បាននិយាយថា អូស្ត្រាលីនឹងពិចារណា​ទទួលស្គាល់ ទីក្រុងហ្សេរុយសាឡឹម​ជារដ្ឋធានីរបស់​អ៊ីស្រាអែល ហើយនឹងផ្លាស់​ប្ដូរស្ថានទូតរបស់ខ្លួន​ប្រចាំទីក្រុងតែល​អាវីវ ទៅកាន់ទីក្រុង​ដ៏ចំណាស់មួយនេះ ​តាមពីក្រោយសហរដ្ឋអាមេរិក។ នេះបើតាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។

លោក Scott Morrison លើកឡើងបែបនេះប្រាប់អ្នកសារព័ត៌មាន ដោយ​នាយករដ្ឋមន្ត្រី​អូសា្តលីរូបនេះ បានគូសបញ្ជាក់​យ៉ាងដូច្នេះថា « អូស្ត្រាលីនឹង​ពិចារណាទទួលស្គាល់​ទីក្រុងហ្សេរុយសាឡឹម​​ជារដ្ឋធានីរបស់​អ៊ីស្រាអែល ហើយនឹងផ្លាស់​ប្ដូរស្ថានទូតរបស់​ខ្លួនប្រចាំទីក្រុងតែល​អាវីវ ទៅកាន់ទីក្រុង​ដ៏ចំណាស់មួយនេះ»។ ក៏ប៉ុន្តែ​ព្រម​ពេលជាមួយ​គ្នា លោក Morrison នៅតែអះអាង​ដដែល​ថា អូស្ត្រាលីគាំទ្រ​ដំណោះស្រាយ​រដ្ឋពីរ ក្នុងការបញ្ចប់​ជម្លោះរវាង​អ៊ីស្រាអែល និងប៉ាឡេស្ទី ហើយថាលោក​នឹងពិគ្រោះយោបល់​ជាមួយ គណៈរដ្ឋមន្ត្រី​របស់លោក និងប្រជាជាតិ​ដទៃទៀត មុននឹងធ្វើការ​សម្រេច​ណាមួយ។

គួរបញ្ជាក់ថា ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានទទួលរង​ការរិះគន់យ៉ាងខ្លាំង​ ពីសំណាក់​សហគមន៍អន្តរជាតិ​កាលពីឆ្នាំមុន បន្ទាប់ពីលោក​​បានទទួលស្គាល់ទី​ក្រុងហ្សេរុយសាឡឹម​​ជារដ្ឋធានីរបស់​អ៊ីស្រាអែល ព្រមទាំងបាន​ផ្លាស់​ប្ដូរស្ថានទូតអាមេរិក​ប្រចាំទីក្រុង​តែលអាវីវ ទៅកាន់ទីក្រុង​ហ្សេរុយសាឡឹម កាលពីខែឧសភា​កន្លងទៅ។ លើសពីនេះ​ទៅទៀត ការសម្រេចចិត្តនេះ​បាន​បង្ក​ជាជម្លោះ​យ៉ាងខ្លាំង​រហូតមក​ទល់ពេលនេះ​រវាងប៉ាឡេស្ទីន និង​អ៊ីស្រាអែល៕