BREAKING NEWS: កំពូលមហាសេដ្ឋីលំដាប់ពិភពលោក និងជាសហស្ថាបនិកក្រុមហ៊ុនយក្ស Microsoft ជាមួយ Bill Gate ទទួលមរណភាព (Video inside)
16-10-2018 10:23
(វ៉ាស៉ីនតោន)៖ សហស្ថាបនិកនៃក្រុមហ៊ុន Microsoft លោក ផល អាល់ឡិន (Paul Allen) ជាមហាសេដ្ឋីលំដាប់ពិភពលោក (លេខរៀង៤៤) និងមានទ្រព្យសម្បត្តិ ២១.៧ពាន់លានដុល្លារ និងជាបុគ្គលដែលបានបញ្ចុះបញ្ចូល លោក ប៊ៀល ហ្គេតស៍ (Bill Gates) ដែលជាមិត្តភក្តិរួមសាលាឲ្យបោះបង់ចោលការសិក្សា នៅសាកលវិទ្យាល័យហាវ៉ាដ (Harvard) ដើម្បីរួមគ្នាបង្កើតក្រុមហ៊ុន Microsoft ដែលបានក្លាយជាក្រុមហ៊ុន Software ធំជាងគេលើលោកនោះ បានទទួលមរណភាពក្នុងជន្មាយុ ៦៥ឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។
លោក Allen បានចាកចេញពីក្រុមហ៊ុន Microsoft កាលពីឆ្នាំ១៩៨៣ មុនពេលដែលក្រុមហ៊ុននេះ បានប្រែក្លាយខ្លួនជាសហគ្រាសដ៏ធំមួយ ដោយសារតែមានបញ្ហាវិវាទជាមួយលោក Gates ប៉ុន្តែចំណែកភាគហ៊ុនដើមរបស់លោក នៅតែបានបន្តឲ្យរូបលោកប្រើពេលពេញមួយជីវិតរបស់លោក និងថវិការាប់ពាន់លានដុល្លារ ទៅលើរឿងផ្សេងៗ ដូចជាការបង្កើតក្រុមកីឡា ការស្រាវជ្រាវផ្នែកខួរក្បាល និងវិស័យអចលនទ្រព្យជាដើម។
លោក Paul Gardner Allen បានកើតនៅថ្ងៃទី២១ ខែមករា ឆ្នាំ១៩៥៣ ក្នុងទីក្រុងស៉ីអាតថល (Seattle) ដែលមានឪពុកជាបណ្ណារក្ស និងម្តាយជាគ្រូបង្រៀន។ លោក Allen មានអាយុបងលោក Gates ពីរឆ្នាំ ហើយអ្នកទាំងពីរបានជួបគ្នាលើកដំបូងក្នុងបន្ទប់កុំព្យូទ័រនៃសាលាឯកជន Lakeside កាលពីឆ្នាំ១៩៦៨។
គួរជម្រាបថា បើតាមការបញ្ជាក់ពីក្រុមគ្រួសារ លោក Allen បានទទួលមរណភាពដោយសារតែជំងឺមហារីក៕