(អាមេរិក)៖ នៅចំពោះមុខនៃភាពជឿនលឿនក្នុងវិស័យអវកាស នារយៈពេល ៦០ឆ្នាំ ខាងមុខសម្រាប់អង្គការ NASA ត្រូវគេព្យាករណ៍ថា អាចនឹងខុសប្លែកខ្លាំងពីរយៈពេល ០៦ទសវត្សរ៍ដំបូង របស់ទីភ្នាក់ងារអវកាសនេះ ដោយសារតែឥទ្ធិពលនៃក្រុមហ៊ុនអវកាសឯកជនទាំងឡាយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅល្ងាចថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨។
នៅពេល NASA ចាប់ផ្តើមធ្វើប្រតិបត្តិការកាលពីឆ្នាំ១៩៥៨ ការហោះហើរបែបឯកជននៅទីអវកាស គឺគ្រាន់តែការក្តីសុបិន្តមិនអាចទៅរួចមួយប៉ុណ្ណោះ។ ប៉ុន្តែក្រុមហ៊ុនអវកាសឯកជន ដូចជា SpaceX របស់លោក Elon Musk និង Blue Origin របស់លោក Jeff Bezos កំពុងតែផ្តោតទៅលើការធ្វើឲ្យក្តីស្រមៃនេះប្រែក្លាយជាការពិត និងបើកចំហវិស័យអវកាស សម្រាប់មនុស្សជាច្រើនជាលើកដំបូង។
ជុំវិញរឿងនេះ ក្រុមអ្នកជំនាញបានលើកឡើងជាមតិមួយចំនួនថាតើ NASA នឹងដើរតួនាទីអ្វី នៅក្នុងវិស័យហោះហើរនៅទីអវកាសរបស់ក្រុមហ៊ុនឯកជន។ នៅទូទាំងពិភពលោក គេសង្កេតឃើញថា ស្ថាប័នអវកាសប្រមាណ ៧៥ភាគរយ គឺសុទ្ធតែជាកម្មសិទ្ធិឯកជន ហើយបើក្រុមហ៊ុនឯកជន អាចបន្ថយតម្លៃការហោះហើរឡើងទីអវកាស ឲ្យនៅត្រឹម ៥០,០០០ដុល្លារនោះ ពួកគេនឹងទទួលបានការចាប់អារម្មណ៍ជាច្រើន។
បច្ចុប្បន្នគម្រោងលេចធ្លោបំផុតរវាង NASA និងវិស័យឯកជន គឺកម្មវិធី Commercial Crew របស់ទីភ្នាក់ងារអវកាសនេះ។ កម្មវិធី Commercial Crew កំពុងជំរុញការអភិវឌ្ឍយានអវកាស ដែលនឹងអាចនាំយកអវកាសយានិកឆ្ពោះទៅ និងមកពីស្ថានីយអវកាសអន្តរជាតិ ISS វិញ ដោយមិនបាច់មានភាពលំបាកដូចសព្វថ្ងៃនេះឡើយ ឧទាហរណ៍ដូចការបរាជ័យនៃការបង្ហោះយាន Soyuz របស់រុស្ស៊ីកាលពីសប្តាហ៍មុន។
ដើម្បីសម្រេចគោលដៅនេះ NASA បានចុះកិច្ចសន្យាតម្លៃរាប់ពាន់លានដុល្លារជាមួយ SpaceX និង Boeing ដែលកំពុងសាងសង់យាន Crew Dragon និង CST-100 Starliner។ ក្រៅពីនេះ NASA ក៏នៅបន្តមានកិច្ចសន្យាជាមួយក្រុមហ៊ុន SpaceX និង Northrop Grumman Corp ទាក់ទិននឹងការដឹកជញ្ជូនទំនិញទៅកាន់ ISS ផងដែរ។
ការដែលពឹងផ្អែកទៅលើក្រុមហ៊ុនឯកជន ដើម្បីផ្តល់សេវានៅឯទីអវកាសក្បែរផែនដីបែបនេះ នឹងផ្តល់ឱកាសឲ្យ NASA បន្តផ្តោតសំខាន់ ទៅលើគម្រោងបេសកកម្មរុករកក្នុងទីអវកាសឆ្ងាយៗ។ និយាយរួម NASA អាចទទួលបានផលចំណេញជាច្រើន តាមរយៈការប្រើប្រាស់ការហោះហើរក្នុងទីអវកាសរបស់វិស័យឯកជន ហើយការប្រឹងប្រែងអភិវឌ្ឍន៍វិស័យហោះហើរក្នុងទីអវកាស បូករួមជាមួយបទពិសោធន៍បញ្ជូនមនុស្សធ្វើដំណើរក្នុងអវកាសរាប់សិបឆ្នាំរបស់ NASA នឹងបំពេញគ្នាយ៉ាងឥតខ្ចោះ។
គួរជម្រាបថា ដោយមិនដូចមុន បច្ចុប្បន្ននិងនាពេលអនាគត NASA ក៏មានជម្រើសក្រុមហ៊ុនច្រើនក្នុងការសហការ ដើម្បីផលិតឧបករណ៍របស់ខ្លួនផងដែរ។ ក្រៅពីនេះក៏នឹងមានការប្រែប្រួល ទាក់ទិននឹងកម្មសិទ្ធិក៏ដូចជាម្ចាស់ប្រតិបត្តិការ លើយានអវកាសថែមទៀតផង ដោយសារតែអតិថិជននៃវិស័យហោះហើរនៅទីអវកាស លែងមានតែ NASA ឬរដ្ឋាភិបាលទៀតហើយ ដោយវានឹងមានការចូលរួមពីអតិថិជនមិនមែនរដ្ឋាភិបាល នោះគឺឯនជន ឬស៊ីវិល៕