(អាមេរិក)៖ ការរកឃើញភស្តុតាងនៃវត្តមានព្រះច័ន្ទធំមួយ នៅក្រៅប្រព័ន្ធព្រះអាទិត្យ កំពុងផ្តល់ក្តីសង្ឃឹមកាន់តែច្រើនដល់អ្នកវិទ្យាសាស្រ្ត ដើម្បីឈានទៅដល់ការរកឃើញព្រះច័ន្ទអាចទ្រទ្រង់ជីវិត ដូចក្នុងក្តីស្រមៃកន្លងមក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨។
ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវ បានប្រកាសឲ្យដឹងថា ពួកគេបានប្រទះឃើញភស្តុតាងនៃព្រះច័ន្ទមួយ ទំហំប៉ុនភពណិបទូន ដែលធ្វើគោចរជុំវិញភពអេលៀន Kepler-1625b នៅចម្ងាយប្រមាណជា ៧,០០០ឆ្នាំពន្លឺពីយើង ហើយព្រះច័ន្ទមានទំហំធំបែបនេះ ក៏ព្រោះតែភពមេរបស់វា ក៏មានទំហំធំមហិមាផងដែរ។
យ៉ាងណាមិញ ព្រះច័ន្ទនេះនៅត្រូវការឲ្យអ្នកវិទ្យាសាស្ត្រ ធ្វើការផ្ទៀតផ្ទាត់ឲ្យបានច្បាស់សិន តាមរយៈការសង្កេតជាបន្តបន្ទាប់ទៀត ហើយវាទំនងសម្បូរទៅដោយឧស្ម័ន ដូច្នេះហើយ គឺមិនអំណោយផលដើម្បីទ្រទ្រង់ដល់ជីវិតឡើយ។ ប៉ុន្តែអាចមានព្រះច័ន្ទអេលៀន (Exomoon) ផ្សេងទៀតដែលអាចទ្រទ្រង់ជីវិតបាន កំពុងតែរង់ចាំឲ្យពួកយើងរកឃើញពួកវានៅថ្ងៃអនាគតជាបន្តបន្ទាប់។
ជុំវិញរបកគំហើញខាងលើ អ្នកវិទ្យាសាស្រ្តកាន់តែមានក្តីសង្ឃឹមថា ថ្ងៃណាមួយមនុស្សលោកយើង ប្រហែលជាអាចរកឃើញ ព្រះច័ន្ទ ដែលមានលក្ខខណ្ឌបរិស្ថានស្រដៀងទៅនឹងផែនដី ដូចជាព្រះច័ន្ទ Pandora ឬក៏ Endor ដែលយើងគ្រប់គ្នាធ្លាប់តែឃើញនៅក្នុងភាពយន្តបែបស្រមើស្រមែជាដើមនោះ។
គួរបញ្ជាក់ថា ព្រះច័ន្ទដែលអាចទ្រទ្រង់ជីវិតបាន គឺសំដៅទៅលើទីឋានដែលមានទំហំប្រហាក់ប្រហែលហ្នឹងភពផែនដី និងមានបរិយាកាសដែលសមស្របបំផុត។ ទោះបីវាគោចរជុំវិញភពធំមួយក៏ដោយ តែប្រសិនបើវាមានរង្វិលជុំ និងគន្លងគោចរត្រឹមត្រូវពីភពមេរបស់វានោះ វាក៏អាចស្រូបពន្លឺផ្កាយបានគ្រប់គ្រាន់ អំឡុងពេលវាធ្វើគោចរជាចង្កោមជាមួយភពមេនៅជុំវិញផ្កាយនោះផងដែរ៕