(ប៊ែរឡាំង)៖ យន្តហោះខ្នាតតូចមួយគ្រឿងបានបុកមនុស្ស០៣នាក់ និងរបួស០៥នាក់ទៀតស្របពេលកំពុងព្យាយាមចុះចតនៅលើភ្នំវ៉ាសឺកាប៉េ (Wasserkuppe) ដែលស្ថិតនៅរដ្ឋហេស (Hesse) ភាគកណ្តាលប្រទេសអាល្លឺម៉ង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨។
ខណៈពេលកំពុងធ្វើការចុះចត យន្តហោះខ្នាតតូចខាងលើបាន បុកកាត់រនាំងហើយក៏ជ្រុលសំដៅឆ្ពោះទៅរកហ្វូងមនុស្សថែមទៀត ដែលនៅចុងផ្លូវនៃព្រលាន។ ហេតុការណ៍នេះ បានបណ្តាលឲ្យមនុស្សស្លាប់០៣នាក់ ក្នុងនោះមានមនុស្សពេញវ័យ០២នាក់និងក្មេងប្រុសអាយុប្រហែល១០ឆ្នាំម្នាក់។
គួរជម្រាបថា យន្តហោះខាងលើមានប្រភេទ Cessna ត្រូវគេរាយការណ៍ថា ជាកម្មសិទ្ធិឯកជន។ ដោយឡែក មូលហេតុនៅពីក្រោយគ្រោះថ្នាក់នេះ នៅពុំទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ ខណៈអាកាសធាតុមានសភាពប្រសើរធម្មតានៅពេលកើតហេតុ៕