(ប៉េកាំង)៖ កងកម្លាំងយោធាចិន ម៉ាឡេស៉ី ថៃ នាខែតុលានេះ នឹងរួមគ្នារៀបចំធ្វើសមយុទ្ធនៅឯប្រទេសម៉ាឡេស៉ី។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញពីភ្នាក់ងារព័ត៌មានចិន ស៉ិនហួរ នៅរសៀលថ្ងៃ​អាទិត្យ ទី១៤ ខែតុលា ឆ្នាំ២០១៨។

សមយុទ្ធយោធារួមខាងលើមានឈ្មោះថា «សមយុទ្ធរក្សាសន្តិភាពនិងមិត្តភាព (Peace and Friendship 2018) នឹងប្រព្រឹត្តទៅចាប់​ពីថ្ងៃទី​២០ រហូតដល់ថ្ងៃទី២៩ ខែតុលានេះ នៅឯទីក្រុង Port Dickson ក្រុង Port Klang និងនៅលើដែនសមុទ្រនៃប្រទេសម៉ាឡេស៉ី ហើយភាគីចិន នឹងបញ្ជូនកងទ័ពចំនួន៦៩២នាក់ នាវាចម្បាំង០៣គ្រឿង ឧទ្ធម្ភាគចក្រ០២គ្រឿង យន្តហោះដឹកជញ្ជូនខ្នាតធំ IL-76 ពីរគ្រឿង ព្រមទាំងយានយន្ត០៤គ្រឿងទៀត ឲ្យទៅចូលរួម។

គួរជម្រាបថា គោលដៅនៃលំហាត់យោធានេះ ត្រូវបានអះអាងថា ធ្វើឡើងដើម្បីបង្ហាញពីឆន្ទៈរួមរវាងប្រទេសទាំងបី ជុំវិញការថែ​រក្សា​ការពារសុខសន្តិភាពក៏ដូចជាស្ថិរភាពនៅក្នុងតំបន់ ព្រមទាំងដើម្បីពង្រឹងការផ្លាស់ប្តូរបទពិសោធន៍និងកិច្ចសហប្រតិបត្តិការ​ រួមជាមួយការបង្កើនសមត្ថភាពទប់ទល់នឹង​ការគំរាមកំហែងសន្តិសុខ​ជាច្រើនទម្រង់ ហើយសមយុទ្ធនេះ ពុំមានគោលដៅដើម្បី​សំញ៉ែតដាក់ប្រទេសណាផ្សេងឡើយ៕ ​