(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីលោក អឺដូហ្កាន់ (Erdogan) បាន​ចុះ​កិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ​ប្រទេស​រុស្ស៊ី ក្នុង​បំណង​បញ្ឈប់​ការ​ធ្វឲ្យបាត់បង់ជីវិតមនុស្ស​នៅឯប៉ែក​ខាង​ជើង​ប្រទេស​ស៉ីរី ប៉ុន្តែដំណើររឿងពិតប្រាកដមានភាពស៉ីជម្រៅជាងនេះឆ្ងាយ​។ នេះ​បើ​តាម​ការ​ដក​ស្រង់​ការផ្សាយចេញពីវែបសាយ Daily Beast នៅរសៀល​ថ្ងៃអាទិត្យ ទី១៤ ខែតុលា ឆ្នាំ២០១៨។

អនុស្សារណៈរក្សាស្ថិរភាពនៅតំបន់ Idlib ត្រូវបានចុះហត្ថលេខារវាងលោក អឺដូហ្កាន់ និងប្រធានាធិបតីរុស្ស៉ីលោក Putin កាល​ពី​ថ្ងៃ​ទី១៧ ខែកញ្ញា និងមានបទបញ្ញត្តិមួយចំនួន ដែលរួមបញ្ចូលទាំងការបង្កើតតំបន់គ្មានការកាន់កាប់ទ្រង់ទ្រាយធំនៅទីក្រុង Idlib​​។

ចំណុចសំខាន់បំផុតក្នុងកិច្ចព្រមព្រៀងនោះ គឺការសន្យារបស់លោក Erdogan អំពីការជំរុញក្រុម​ជ្រុល​និយម​ចេញ​ទាំងអស់ឲ្យ​ចេញពី​តំបន់នោះ ដោយរួម​ទាំងសមាជិកខ្ទង់១០,០០០នាក់ ​នៃ​ពួកឧទ្ទាមមួយក្រុមដែលធ្លាប់មានជាប់ពាក់ព័ន្ធនឹងពួកអាល់កៃដា (al Qaeda) ​ហើយ​សព្វ​ថ្ងៃ​មាន​ឈ្មោះថា Hayat Tahrir al-Sham ឬ HTS។

តែបើគិតមើលថា បើលោក Erdogan ជម្រុញពួកឧទ្ទាមទាំងនោះចេញពី Idlib តើពួកគេនឹងធ្វើដំណើរទៅណាវិញ? សញ្ញា​មួយ​ចំនួន​បានឲ្យជាតំរុយថា លោកប្រធានាធិបតីតួកគី មានបំណងប្រើប្រាស់ពួកគេសម្រាប់សម្រេចបំណងរបស់ខ្លួនទៅវិញទេ ពោល​គឺយក​​ទៅឲ្យប្រយុទ្ធគ្នាជាមួយក្រុមព្យាយាមផ្តាច់ខ្លួនឃឺដ YPG ដែលសព្វថ្ងៃកំពុងទទួលបានគាំទ្រជាសម្ងាត់ពីសហរដ្ឋអាមេរិក។

លោក Erdogan មានគម្រោងឲ្យក្រុម HTS ប្តូរទីតាំងទៅតំបន់មួយ ជិតទៅនឹងព្រំដែនតួកគីហើយបន្ទាប់មកទៀតផ្លាស់ទៅកាន់ក្រុង Afrin ដែលជាទីក្រុងក្រុមឃឺដចង់កាន់កាប់ជាទីបំផុត។ បន្ទាប់មកទៀត លោកនឹងរៀបចំបញ្ចប់ការគ្រប់គ្រងរបស់ក្រុម YPG នៅ​ក្រុង Manbij។

យ៉ាងណាមិញ តើច្បាស់ដែរទេថាក្រុម HTS ដែលកំពុងកាន់កាប់ទឹកដីរហូតដល់៦០ភាគរយ នៃក្រុង Idlib ទាំង​មូល​នឹងយល់​ព្រម​​ចាក​​ចេញ​​ពី​ទី​នោះ​។ បើមើលឲ្យកាន់តែជិតជាងនេះទៀត តួកគីមានកម្លាំងប្រយុទ្ធរបស់ខ្លួនមានឈ្មោះថា រណសិរ្ស​ដើម្បី​រំដោះ​ជាតិ​ឬ NFL ដែលប្រតិបត្តិយ៉ាងជិតស្និតជាមួយនឹងក្រុមមួយទៀតដែលមានអាយុកាលយូរដែរមកហើយគឺ ទ័ពរំដោះស៊ីរី (FSA)។

ដំបូង HTS ប្រហែលមិនឯកភាពនោះទេ តែបើគិតមើលកម្លាំងទ័ពពីក្រុម​សកម្មប្រយុទ្ធចំនួន១២ ដែល​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​តួកគី គឺមានចំនួនរហូតដល់មួយសែននាក់ឯណោះ ហើយបើធៀបនឹងកម្លាំងតែមួយម៉ឺននាក់របស់ HTS វិញ គឺមិនមាន​ផ្លូវ​អ្វី​ផ្សេង​ក្រៅ​តែពី​​ឯក​ភាពចំពោះ​គម្រោងរបស់តួកគីឡើយ​។

ចូរក្រឡេកទៅមើលប្រវត្តិសាស្ត្របន្តិចវិញ។ តួកគីបានព្យាយាមសាបព្រោះឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់ប៉ែកខាងជើង​ប្រទេសស៊ីរី​នេះ​យ៉ាងខ្លាំងគិតតាំងពីពេលចាប់ផ្តើមនៃជម្លោះឆ្នាំ២០១១មក។ តួកគីបានសាងសងសាលារៀន បានផ្តល់នូវស្បៀងអាហារ បា​ផ្តល់​នូវ​ជំនួញ​មនុស្ស​ធម៌​ជាច្រើន​មុខទៀត ដែលបានធ្វើឲ្យអ្នកទទួលជំនួយទាំងនោះ មានការយល់ឃើញយ៉ាងវិជ្ជមានចំពោះតួកគី។

ហេតុនេះហើយ ទោះមេដឹកនាំក្រុម HTS មិនរីករាយនឹងជំហានមួយនេះរបស់តួកគីក៏ដោយ ក៏ពួកគេភាគច្រើន​មាន​ការ​ដឹង​គុណ​ទៅ​ដល់​ការ​ទំនុក​បំរុង​របស់​តួកគី ទៅលើតំបន់​ដែល​ពួកគេ​បាន​កាន់​កាប់​ដែរ។ មិនតែប៉ុណ្ណោះទេ មេដឹកនាំខ្លះរបស់ក្រុម HTS ថែមទាំង​បានចូលរួមសម្តែង​ការ​គាំទ្រចំពោះ​លោក Erdogan កាលពីសម័យការបោះឆ្នោតថ្មីៗកន្លងទៅ។ ពួកគេ​ទាំង​នោះ​បាន​គាំទ្រ​ពី​ការ​ដឹក​នាំ​ជន​មូស្លីម​របស់​លោក Erdogan។

បន្ថែមពីនេះទៅទៀត តួកគីក៏មានកងកម្លាំងប៉ារ៉ាពិសេសមួយមានឈ្មោះថា SADAT ដែលស្ថិតនៅក្រោម​ ការ​ដឹកនាំរបស់​ទីប្រឹក្សា​ប្រធានាធិបតី​លោក Erdogan គឺលោក Adnan Tanriverdi ដែលបានធ្វើការហ្វឹកហ្វឺនដល់ក្រុមសកម្មប្រយុទ្ធជាច្រើន នៅ​ស៉ីរី ​ដើម្បី​ពង្រឹងអំណាច​និង​ឥទ្ធិ​ពល​របស់ប្រទេសទួរគីឲ្យដល់មួយកម្រិតទៀត។

ដោយសារកត្តាទាំងអស់នេះ ក្រុម HTS ច្បាស់ជាមិនងាយនឹងប្រកែកមិនព្រមធ្វើសកម្មភាពស្របទៅតាមតួកគីឡើយ។ គោលដៅ​របស់​លោក Erdogan គឺ​ចង់​បង្កើត​ជា​រនាំង​មួយ​រារាំង​ការ​រីក​ដុះ​ដាល​នៃ​កម្លាំងរបស់គណបក្សសម្ព័ន្ធប្រជាធិបតេយ្យ (PYD) ដែលជា​ក្រុមនយោបាយរបស់ពួក YPG។

ជនជាតិអារ៉ាប់ជាច្រើនរូបដែលគាំទ្រលោក Erdogan គឺមិនចូលចិត្តក្រុម YPG នេះឡើយ ដោយសារមនោគមវិជ្ជាប្រឆាំងឥស្លាម និងដោយសារក្រុមនេះកំពុងកាន់កាប់តំបន់ដែលធ្លាប់ជា​សកម្មសិទ្ធិរបស់ជនជាតិអារ៉ាប់ទាំងនោះផងដែរ។ ដូចនេះហើយ លោក Erdogan បានគិតថា បើលោកអាចការពារមនុស្សនៅក្នុងក្រុង Idlib បានលោកនឹងក្លាយទៅជនមានឥទ្ធិពលធំមួយ​សម្រាប់​ក្រុម​ជន​​មូស្លីម អារ៉ាប់ និង​អ្នក​ពាក់​ព័ន្ធ​ដទៃ​ទៀត​។

ម៉្យាងវិញទៀតបើកិច្ចចរចាជាមួយក្រុម HTS នេះទទួលជោគជ័យ តួកគីនឹងមានប្រៀបខ្លាំងទៅលើក្រុម YPG ព្រម​ទាំង​អាច​បង្ការ​ការ​ភៀស​ខ្លួន​របស់​ប្រជាជន​សរុប​ប្រមាណ៧០០,០០០នាក់ពីក្រុង Idlib ទៅ​កាន់ប្រទេសតួកគី ប្រសិន​បើ​នៅ​តែ​មានការប្រយុទ្ធគ្នា​តទៅទៀត​​នោះ។ នេះជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរទោះបីកងកម្លាំងដែលលោក Erdogan ជួយ​ពី​ក្រោយ​ខ្នង​នោះ​គឺ​ជា​ក្រុមសកម្មប្រយុទ្ធជ្រុល​និយម​ក៏ដោយ​៕