(ប៉េកាំង)៖ ខណៈចិនកំពុងផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗ សម្រាប់ឃ្លាំមើលតំបន់សមុទ្រជ្រៅៗ យោធាជើងទឹកចិន កំពុងសំងំបង្កើតឡើងនូវផ្កាយរណបបំពាក់ប្រព័ន្ធឡាស៊ែរ ដែលមានសមត្ថភាពរុករកនិងកម្ទេចនាវាមុជទឹករបស់សត្រូវបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែតុលា ឆ្នាំ២០១៨។
ផ្កាយរណបខាងលើ ត្រូវគេរាយការណ៍ថា នឹងមានលទ្ធភាពរុករកឃើញគោលដៅ ដែលស្ថិតនៅជម្រៅ៥០០ម៉ែត្រក្រោមផ្ទៃទឹក ហើយវាក៏អាចប្រើប្រាស់សម្រាប់ប្រមែប្រមូលទិន្នន័យ ពីមហាសមុទ្រនៅលើពិភពលោកបានផងដែរ។ គម្រោងនេះ មានឈ្មោះថា Guanlan ដែលមានអត្ថន័យថា ការឃ្លាំមើលរលកធំៗ ត្រូវបានចាប់ផ្តើមឡើងកាលពីឧសភាឆ្នាំនេះ នៅឯមន្ទីរពិសោធន៍ជាតិចិន សម្រាប់វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាទាក់ទិននឹងសមុទ្រ នៅខេត្តសានទុង។
គួរជម្រាបថា ខណៈផ្កាយរណប Guanlan កំពុងស្ថិតក្រោមការរចនាដោយមន្ទីរពិសោធន៍ជាតិ ផ្នែកសំខាន់ៗរបស់វា កំពុងត្រូវអភិវឌ្ឍន៍ដោយក្រុមអ្នកវិទ្យាសាស្រ្ត នៅឯសាកលវិទ្យានិងវិទ្យាស្ថានស្រាវជ្រាវជាង២០កន្លែង នៅទូទាំងប្រទេសចិន៕