(ហ្សាការតា)៖ អតីតឧបនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim នាថ្ងៃសៅរ៍សប្តាហ៍នេះ បានឈ្នះអាសនៈនៅឯសភាក្នុងការបោះឆ្នោតមួយ ដោយប្រការនេះ នឹងជួយត្រួសត្រាយផ្លូវសម្រាប់ឲ្យរូបលោក ត្រៀមឡើងជានាយករដ្ឋមន្រ្តីបន្តពីមេដឹកនាំបច្ចុប្បន្នលោក Mahathir Mohamad ដែលមានវ័យ៩៣ឆ្នាំទៅហើយនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Aljazeera នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែតុលា ឆ្នាំ២០១៨។
គណៈកម្មការបោះឆ្នោតម៉ាឡេស៉ី បានឲ្យដឹងថា លោក Anwar ទទួលបានសំឡេងគាំទ្រ៣១,០១៦សំឡេង ដែលស្មើនឹង៧១ភាគរយនៃសំឡេងឆ្នោតសរុប យកឈ្នះលើបេក្ខភាពដទៃចំនួន០៦រូបទៀត។ ការបោះឆ្នោតនេះ ត្រូវបានរៀបចំឡើង បន្ទាប់ពី តំណាងរាស្រ្តប្រចាំក្រុង Port Dickson បានលាលែងពីតំណែង។ លោក Anwar នឹងត្រូវស្បថចូលកាន់តំណែងជាសមាជិកសភានៅថ្ងៃចន្ទស្អែក។
គួរជម្រាបថា ការផ្សះផ្សាគ្នារវាងលោក Mahathir និង លោក Anwar គឺជារឿងដ៏សំខាន់នៅពីក្រោយជ័យជម្នះនៃសម្ព័ន្ធគណបក្សនយោបាយ Pakatan Harapan (The Alliance of Hope) ក្នុងការបោះឆ្នោតសកលកាលពីខែឧសភាកន្លងទៅ ដែលជួយឲ្យលោក Mahathir ផ្តួលលោក Najib Razak ក្លាយជាមេដឹកនាំម៉ាឡេស៉ីថ្មី។
ក្នុងការបោះឆ្នោតខែឧសភា លោក Anwar មិនអាចចូលរួមប្រកួតប្រជែងបាន គឺដោយសារតែការចោទប្រកាន់ពីបទសេពកាមជាមួយមនុស្សប្រុសដូចគ្នា ដោយវាគឺជាការចោទប្រកាន់ដែលរូបលោក បានអះអាងថា ធ្វើឡើងក្រោមហេតុផលនយោបាយសុទ្ធសាធ។
ប៉ុន្តែបន្ទាប់ពីលោក Mahathir ក្លាយជានាយករដ្ឋមន្រ្តី លោក Anwar ក៏មានសេរីភាពវិញ ក្រោយទទួលបានការលើកលែងទោសពីមហាក្សត្រម៉ាឡេស៉ី។ លោក Mahathir បានសន្យាថានឹងផ្ទេរតំណែងនាយករដ្ឋមន្រ្តីមកឲ្យលោក Anwar ដែលមានវ័យ៧១ឆ្នាំ ហើយការក្លាយខ្លួនជាសមាជិកសភា នឹងជួយត្រួយត្រាយផ្លូវដល់រឿងនេះ៕