(វ៉ាស៉ីនតោន)៖ ទោះបីជាអារ៉ាប៊ីសាអូឌីតបានបដិសេធយ៉ាងណាក្តី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃសៅរ៍នេះ បានសន្យាថានឹងវែករកការពិតឲ្យដល់ទីបញ្ចប់ ជុំវិញការបាត់ខ្លួនរបស់អ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីតមួយរូប ហើយលោក ក៏បានព្រមានផងដែរថា ប្រសិនបើអារ៉ាប៊ីសាអូឌីត ពិតជានៅពីក្រោយរឿងនេះមែននោះ សហរដ្ឋអាមេរិក នឹងធ្វើការដាក់ពិន័យយ៉ាងចាស់ដៃជាក់ជាពុំខាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅយប់ថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨។
យ៉ាងណាមិញ បើតាមការលើកឡើងនាពេលថ្មីៗនេះរបស់លោក ត្រាំ ការដាក់ពិន័យនោះ ប្រហែលជាពុំពាក់ព័ន្ធទៅនឹងគម្រោងលក់សព្វាវុធទំហំរាប់រយពាន់លានដុល្លារ ទៅឲ្យអារ៉ាប៊ីសាអូឌីតនោះឡើយ។ ដោយឡែក ការព្រមានខាងលើនេះរបស់លោកប្រធានាធិបតីអាមេរិក ត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋមន្រ្តីមហាផ្ទៃអារ៉ាប៊ីសាអូឌីត បានចេញមុខទាត់ចោលការសង្ស័យក៏ដូចជាចោទប្រកាន់ដែលថា ទីក្រុងរីយ៉ាដ បានបញ្ជាឲ្យមានការធ្វើឃាតអ្នកកាសែតអារ៉ាប៊ីសាអូឌីតឈ្មោះ Jamal Khashoggi។
គួរជម្រាបថា លោក Khashoggi ដែលមួយរយៈចុងក្រោយនេះ បានបម្រើការឲ្យសារព័ត៌មានអាមេរិក The Washington Post បានបាត់ខ្លួននៅប្រទេសតួកគី កាលពីសប្តាហ៍មុន ហើយបើតាមការបញ្ជាក់ពីគូដណ្តឹងរបស់លោក អ្នកកាសែតរូបនេះ ត្រូវបានអញ្ជើញទៅកាន់ស្ថានកុលស៊ុលអារ៉ាប៊ីសាឌីត នៅទីក្រុងអ៉ីស្តង់ប៊ុល កាលពីថ្ងៃទី០២ ខែតុលា ហើយរហូតមកទល់ពេលនេះមិនឃើញចាកចេញពីទីនោះវិញឡើយ៕