(នេប៉ាល់)៖ អ្នកឡើងភ្នំយ៉ាងហោចណាស់ ០៩នាក់ ក្នុងនោះមានជនជាតិកូរ៉េខាងត្បូង ០៥នាក់ និងនេប៉ាល់ ០៤នាក់ បានបាត់បង់ជីវិតនៅក្នុងគ្រោះបាក់ផ្ទំាងទឹកកកដ៏ធំមួយ នៅឯតំបន់ជួរភ្នំហិម៉ាល័យ (Himalayas) នៃភាគខាងលិចប្រទេសនេប៉ាល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមសារព័ត៌មាន Himalayan Times ការរអិលបាក់ផ្ទំាងទឹកកកខាងលើ កើតមានឡើងបន្ទាប់ពីមានព្យុះព្រិលដ៏ធំមួយ ដែលបណ្ដាឱ្យផ្ទាំងទឹកកកបាក់សង្កត់ជំរុំស្នាក់នៅមួយកន្លែង នៅលើភ្នំ ហ្គួចា (Gurja) ជាទីដែលអ្នកឡើងភ្នំរង់ចាំអាកាសធាតុល្អ ដើម្បីបន្តដំណើរទៅកាន់ជំរុំផ្សេងទៀត។
គួរបញ្ជាក់ថា សោកនាដកម្មនេះបានកើតឡើងកាលពីល្ងាចថ្ងៃសុក្រ ហើយសាកសពអ្នកឡើងភ្នំ ត្រូវបានគេរកឃើញនៅក្នុងតង់របស់ពួកគេ ខណៈឧទ្ធម្ភាគចក្រជួយសង្រ្គោះមួយគ្រឿងត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ៕