(ម៉ូស្គូ)៖ គណៈកម្មការរដ្ឋនៃប្រទេសរុស្ស៊ី ត្រូវបានបង្កើតឡើងរួចរាល់ហើយបន្ទាប់ពីការបាញ់បង្ហោះយាន Soyuz របស់រុស្ស៊ីបរាជ័យ ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ហើយភាពបរាជ័យនេះ នឹងនាំទៅរកការពិភាក្សាដើម្បីបិទស្ថានីយ ISS នេះជាបណ្តោះអាសន្ននៅថ្ងៃអនាគត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨។
ព័ត៌មាននៃការរៀបចំគំរោងបិទស្ថានីយអវកាសអន្តរជាតិខាងលើនេះ គឺត្រូវបានបញ្ចេញដោយក្រុមការងារអវកាស និងអភិវឌ្ឍន៍គ្រាប់រ៉ុក្កែតរបស់ប្រទេសរុស្ស៊ី ហើយវានឹងផ្តោតសំខាន់ទៅលើការដោះស្រាយបញ្ហាសំខាន់ៗ ដូចជាការបែកធ្លាយប្រព័ន្ធបញ្ចូនឧស្ម័ននៅក្នុងស្ថានីយ និងការឈានទៅរកការបិទជាបណ្តោះអាសន្ន ដើម្បីដោះស្រាយបញ្ហាជារួមតែម្តងក្រោយប៉ុន្មានថ្ងៃនៃការបរាជ័យបាញ់បង្ហោះយាន Soyuz កាលពីថ្ងៃព្រហស្បតិ៍។
ប្រភពមិនបញ្ចេញឈ្មោះខាងលើនេះ បានបញ្ជាក់ទៀតថា «គណៈកម្មការមួយត្រូវបានបង្កើតឡើង ដែលនឹងត្រូវរួមគ្នាពិចារណាអំពីជម្រើស សម្រាប់ការចំណាយពេលបន្ថែមទៀតក្នុងការជួសជុលស្ថានីយអវកាស ISS។ ស្ថានីយអវកាសអន្តរជាតិអាចនឹងត្រូវបិទជាបណ្តោអាសន្ន ហើយផែនការបាញ់បង្ហោះយានជាថ្មីទៅទីនោះ ក៏កំពុងរៀបចំឡើងផងដែរ»។ រុស្ស៊ីកំពុងតែពិភាក្សាជាមួយដៃគូពាក់ព័ន្ធ គឺអង្គការ NASA។
គួរបញ្ជាក់ថា គ្រាប់រ៉ុក្កែតរុស្ស៊ី Soyuz MS-10 ដែលដឹកអវកាសយានិកជើងចាស់មួយរូបរបស់អង្គការ NASA និងពីឡុតម្នាក់ឡើងទៅកាន់ទីអវកាសនោះ បានជួបបញ្ហានៅពាក់កណ្តាលផ្លូវបន្ទាប់ពីបានបាញ់ចេញពីតំបន់ Baikonur Cosmosdrome នៃប្រទសកាហ្សាក់ស្ថានបានតែប៉ុន្មាននាទីប៉ុណ្ណោះ ប៉ុន្តែអវកាសយានិកខាងលើនេះ មិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ ខណៈផែនការដ៏ធំនេះត្រូវបានចាត់ទុកថា បរាជ័យទាំងស្រុង។
បើតាមអង្គការអវកាសរុស្ស៊ី បរាជ័យនៃការបាញ់បង្ហោះខាងលើនេះ គឺបង្កើតឡើងដោយប្រព័ន្ធដំណើរការក្នុងគ្រាប់រ៉ុក្កែតមានបញ្ហា និងអាចដោយសារការដឹកលើសចំណុះផងដែរ។ គ្រាប់រ៉ុក្កែតនេះមានផ្ទុកអវកាសយានិក ដែលជិះនៅក្នុងយន្តហោះអវកាស ហើយយន្តហោះអវកាសនោះត្រូវបានគេរំពឹងថា នឹងចុះចតនៅតំបន់ណាមួយក្នុងប្រទេសកាហ្សាក់ស្ថានវិញ ខណៈបញ្ហាបន្ថែមទៀតនោះ គឺបណ្តាលមកពីប្រព័ន្ធរុញច្រានរ៉ុក្កែត មិនអាចផ្តាច់ចេញពីយន្តហោះ Soyuz Capsule បានទាន់ពេល។
គួរបញ្ជាក់ថា លោក Alexey Ovchin អវកាសយានិកជើងចាស់របស់ NASA គឺអង្គុយនៅជិតពីឡុតយន្តហោះ និងជាវិស្វករជំនាញម្នាក់មានឈ្មោះថា Nick Hague បានគ្រោងធ្វើដំណើរទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS។ ដោយសារតែបញ្ហាគ្រាប់រ៉ុក្កែតដូច្នេះអវកាសយានិកលើនេះ មិនអាចឡើងទៅកាន់ស្ថានីយអវកាសនោះ ទើបយានអវកាស Soyuz Space Capsule បានធ្វើការចុះចតមកផែនដីវិញ និងមានសុវត្ថិភាព៕