(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីត បានហៅការចោទប្រកាន់ថាខ្លួនគឺជាអ្នកបញ្ជាឱ្យសម្លាប់អ្នកសារព័ត៌មាន លោក Jamal Khashoggi នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី គឺជារឿងប្រឌិត និងជាការចោទ ប្រកាន់គ្មានមូលដ្ឋាន។ នេះបើតាមរដ្ឋមន្ត្រីមហាផ្ទៃអារ៉ាប៊ីសាអូឌីត ដកស្រង់ដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨។
ការបដិសេធការចោទប្រកាន់របស់ រដ្ឋមន្ត្រីមហាផ្ទៃអារ៉ាប៊ីសាអូតឌីត ព្រះអង្គម្ចាស់ Abdulaziz bin Saud bin Naif bin Abdulaziz ធ្វើឡើង១១ថ្ងៃ បន្ទាប់ពីលោក Khashoggi បានចូលក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី ដោយមិនបានចេញមកវិញនោះទេ។ ចំណែកឯ ប្រភពព័ត៌មានពីចារកម្មតួកគី បានឱ្យដឹងថាលោកត្រូវបាន ទីភ្នាក់ងារស៊ើបការណ៍សំងាត់អារ៉ាប៊ីសាអូឌីត សម្លាប់នៅក្នុងស្ថានកុងស៊ុលនោះ ហើយព្រមពេលជាមួយបណ្ដាប្រទេស លោកខាងលិច រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres សុទ្ធតែបង្ហាញពីការព្រួយបារម្ភ ដូចគ្នាចំពោះការបាត់ខ្លួនយ៉ាងរបស់លោក Khashoggi។
សូមជម្រាបថា លោក Jamal Khashoggi ជាអ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីត និងជាអ្នករិះគន់ការដឹកនាំនៃរាជ្យវង្សអារ៉ាប៊ីសាអូឌីត បានចូលក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល កាលពីថ្ងៃទី០២ ខែតុលាកន្លងទៅ ដើម្បីទទួលយកឯកសារសម្រាប់គំរោង រៀបអាពាហ៍ពិពិពាហ៍របស់លោកជាមួយស្ត្រីជាជនជាតិតួកគីម្នាក់ឈ្មោះ ហាធីស សិនជីស (Hatice Cengiz)។ ប៉ុន្តែលោក មិនត្រូវបានគេឃើញចេញមកខាងក្រៅវិញនោះទេ រីឯក្រុមអ្នកជំនាញតួកគី និងអារ៉ាប៊ីសាអូឌីត កំពុងធ្វើការស៊ើបអង្កេតលើ សំណុំរឿងនេះ៕