(អូស្រ្ដាលី)៖ ក្រសួងការពារជាតិអូស្ត្រាលី នៅថ្ងៃសៅរ៍នេះ បាននិយាយថាការប្រគល់យន្ដហោះចម្បាំង F-35 ពីសហរដ្ឋអាមេរិក នឹងនៅតែបន្តធ្វើឡើងដដែល បើទោះជាប្រតិបត្តិការហោះហើររបស់យន្ដចម្បាំងមួយនេះ ត្រួវបានផ្អាក ជាបណ្ដោះអាសន្ន បន្ទាប់ពីយន្ដហោះ F-35B មួយគ្រឿងបានធ្លាក់កាលពីខែកញ្ញាកន្លងទៅក៏ដោយ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨។
ការលើកឡើងខាងលើរបស់ក្រសួងការពារជាតិអូស្ត្រាលី កើតមានឡើង ក្រោយក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃ ព្រហស្បតិ៍ បានឱ្យដឹងថាសហរដ្ឋអាមេរិក និងដៃគូអន្តរជាតិទាំងអស់ បានសម្រេចចិត្តផ្អាកជាបណ្ដោះអាសន្ននូវរាល់ ប្រតិបត្តិការហោះហើររបស់យន្ដហោះចម្បាំងប្រភេទ F-35 ខណៈក្រុមជំនាញកំពុងត្រួតពិនិត្យផ្នែកតួប៊ីន-ឥន្ធនៈ នៃម៉ាស៊ីនយន្ដហោះ F-35 ទាំងអស់ បន្ទាប់ពីយន្ដហោះ F-35B មួយគ្រឿងបានធ្លាក់កាលពីថ្ងៃទី ២៨ ខែកញ្ញា នៅឯរដ្ឋ South Carolina ។
តែយ៉ាងណាក៏ដោយ ក្រសួងការពារជាតិអូស្ត្រាលី បញ្ជាក់ថាឧប្បដិហេតុធ្លាក់យន្ដហោះចម្បាំងនេះ នឹងមិនប៉ះពាល់ដល់ការ ប្រគល់យន្ដហោះចម្បាំង F-35 ពីសហរដ្ឋអាមេរិកនោះទេ។ «ការផ្អាកប្រតិបត្តិការហោះហើររបស់ F-35 នឹងមិនធ្វើឱ្យ ប៉ះពាល់ដល់ការប្រគល់យន្ដហោះចម្បាំងប្រភេទនេះឱ្យអូស្រ្តាលីនោះឡើយ»។ នេះគឺជាការគូសបញ្ជាក់ពីក្រសួងការពារ ជាតិអូស្ត្រាលី។
គួរបញ្ជាក់ថា អូស្ត្រាលីបានទទួលយន្ដហោះចម្បាំង F-35 ៩គ្រឿងពីសហរដ្ឋអាមេរិកហើយ។ ប៉ុន្តែយន្ដហោះទាំង៩គ្រឿង នេះនៅតែស្ថិតក្នុងបម្រាមហោះហើរបណ្ដោះអាសន្ននៅឡើយ នៅឯមជ្ឈមណ្ឌបណ្ដុះបណ្ដាលមួយក្នុងរដ្ឋ Arizona ខណៈ យន្ដហោះចម្បាំង F-35 ៧២គ្រឿងផ្សេងទៀត កំពុងស្ថិតក្រោមគំរោងបញ្ជាទិញ ជាមួយការរំពឹងខ្ពស់ថាយន្ដហោះចម្បាំង ទាំងអស់នេះអាចនឹងត្រូវធ្វើប្រតិបត្តិការពេញលេញនៅឆ្នាំ២០២៣។
F-35 គឺជាយន្ដហោះចម្បាំងថ្លៃជាងគេបំផុតនៅលើពិភពលោក ដោយវាមានតម្លៃមួយគ្រឿងលើសពី ១០០លានដុល្លារ អាមេរិក។ យន្ដហោះចម្បាំង F-35 គឺជាផលិតផលរបស់ក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin ហើយវាមានបីប្រភេទទៀតគឺ F-35A, F-35B និង F-35C៕