(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) បាននិយាយថា បញ្ហាដ៏ធំរបស់សហរដ្ឋអាមេរិកនៅក្នុងសតវត្សរ៍ទី ២១ នេះគឺចិន ដែលកំពុងអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កើនអំណាចយោធារបស់ខ្លួន ដោយរំលោភលើបទដ្ឋានអន្តរជាតិ។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨។
ការលើកឡើងរបស់លោក John Bolton ធ្វើឡើងនៅក្នុងបទសម្ភាសន៍ផ្សាយផ្ទាល់តាមវិទ្យុ នៅថ្ងៃសុក្រសប្ដាហ៍នេះ។ លោក Bolton បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជាការពិតណាស់ ខ្ញុំគិតថាចិនគឺជាបញ្ហាដ៏ធំរបស់សហរដ្ឋអាមេរិក នៅក្នុងសតវត្សរ៍ទី ២១ នេះ»។ ទីប្រឹក្សាសន្តិសុខជាតិរូបនេះបានបន្ថែមទៀតថា ចិនកំពុងអភិវឌ្ឍន៍សេដ្ឋកិច្ចដោយរំលោភបំពានលើបទដ្ឋានអន្តរជាតិ ជាពិសេសគឺច្បាប់ពាណិជ្ជកម្មចាប់តាំងពីទីក្រុងប៉េកាំង ចូលរួមក្នុងអង្គការពាណិជ្ជកម្មពិភពលោកមក ហើយតាមរយៈអំណាចសេដ្ឋកិច្ចនេះ បានសម្រួលឱ្យចិនកាន់តែពង្រីកអំណាចយោធា។
គួរបញ្ជាក់ថា បើតាមលោក John Bolton សកម្មភាពរបស់នាវាចម្បាំងចិន ដែលចូលមកក្បែរ និងស្ទើរតែបុកទង្គិចគ្នាជាមួយ នាវាពិឃាតអាមេរិកក្នុងតំបន់សមុទ្រចិនខាងត្បូង នាពេលថ្មីៗនេះ គឺជាឧទាហរណ៍មួយបង្ហាញយ៉ាងច្បាស់ថា ចិនប្រកាន់ ភ្ជាប់នូវឥរិយាបថបង្កគ្រោះថ្នាក់បែបណា។
ទោះបីជាបែបនេះក្តី ទីក្រុងប៉េកាំងតែងតែបញ្ជាក់ប្រាប់អាមេរិកវិញថា ទង្វើរបស់ចិនទាំងឡាយទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងយោធា គឺអនុឡោមទៅតាមច្បាប់ និងកាតព្វកិច្ចអន្តរជាតិជានិច្ច ហើយអាមេរិកទៅវិញទេ ដែលតែងតែប្រើប្រាស់អំណាចលេខ ១ របស់ខ្លួន ដើម្បីគាបសង្កត់ប្រទេសតូចៗ ទាំងដែលអាមេរិកគ្មានតួនាទីអ្វីសោះនៅក្នុងដែនសមុទ្រចិនខាងត្បូងជាដើម៕