(អ៊ីស្លាម៉ាបាដ)៖ រដ្ឋាភិបាលប៉ាគីស្ថាននៅថ្ងៃសុក្រសប្ដាហ៍នេះ បានច្រានចោលសេចក្ដីរាយការណ៍នាពេលថ្មីៗនេះរបស់ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ជុំវិញគំរោងសេដ្ឋកិច្ច CPEC រវាងចិន និងប៉ាគីស្ថាន ដោយអះអាងថា វាជាសេចក្ដីរាយការណ៍មិនត្រឹមត្រូវផ្អែកលើព័ត៌មានមិនពិត និងគំនិតឯកតោភាគី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័តមានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨។
យោងតាមក្រសួងផែនការ អភិវឌ្ឍន៍ និងកំណែទម្រង់ប៉ាគីស្ថាន ទីក្រុងអ៊ីស្លាម៉ាបាដបានជ្រើសរើសយកការវិនិយោគរបស់ចិន ក្រោមគំរោងសេដ្ឋកិច្ច CPEC ដោយសារតែការអំណោយផលផ្នែកហិរញ្ញវត្ថុ។ បន្ថែមពីលើនេះក្រសួងបានបន្ថែមទៀតថា ចិនបាននិងកំពុងគាំទ្រការអភិវឌ្ឍនៅក្នុងប្រទេសប៉ាគីស្ថាន ស្របពេលការវិនិយោគរបស់បរទេសកំពុងធ្លាក់ចុះ ហើយសកម្មភាពសេដ្ឋកិច្ចកំពុងជួបបញ្ហាខ្លះៗ ដោយសារតែកង្វះខាតថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានសប្ដាហ៍មុន សារព័ត៌មានលោកខាងលិចជាច្រើន បានចុះផ្សាយនូវការព្រមានរបស់ក្រុមអ្នកជំនាញថា ប៉ាគីស្ថានអាចនឹងធ្លាក់ចូលក្នុងអន្ទាក់បំណុលរបស់ចិន ក្រោមគំរោងសេដ្ឋកិច្ច CPEC រវាងចិន និងប៉ាគីស្ថាន។
ទោះជាយ៉ាងនេះក្ដី ក្រសួងផែនការ អភិវឌ្ឍន៍ និងកំណែទម្រង់ប៉ាគីស្ថាននៅតែអះអាងដដែលថា គំរោងសេដ្ឋកិច្ច CPEC អាចនឹងចាប់ផ្ដើមដំណើរការនៅឆ្នាំ ២០២១៕