(ប៉ាគីស្ថាន)៖ ក្រសួងការបរទេសប៉ាគីស្ថាន បានសម្ដែងការជំទាស់យ៉ាងខ្លាំង ទៅនឹងកិច្ចព្រមព្រៀងលក់ប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-400 ឱ្យប្រទេសឥណ្ឌា ដោយអះអាងថា វានឹងធ្វើឱ្យប៉ះពាល់ដល់តុល្យភាពកម្លាំងនៅក្នុងតំបន់។ នេះ ជាការលើកឡើងរបស់លោក ម៉ូហាំម៉េដ ហ្វៃសាល់ (Mohammad Faisal) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន លោក Mohammad Faisal បានសង្កត់ធ្ងន់ដែរថា រាល់ការលក់អាវុធឱ្យឥណ្ឌាមិនថាតែ S-400 នោះទេ ប្រទេសផ្គតផ្គង់ទាំងអស់ត្រូវតែធានាឱ្យបានថា ការលក់អាវុធទាំងនោះនឹងមិនធ្វើឱ្យប៉ះពាល់ ដល់តុល្យភាពកម្លាំងនៅក្នុងតំបន់នោះឡើយ។
លោក Faisal បន្ថែមយ៉ាងដូច្នេះថា «យើងជំទាស់ជាដាច់ខាតនឹងរាល់ការរត់ប្រណាំងសព្វាវុ នៅក្នុងតំបន់អាស៊ីខាងត្បូង ហើយយើងស្នើឱ្យមានវិធានការនានា ដើម្បីលើកកម្ពស់ការកាត់បន្ថយអាវុធនុយក្លេអ៊ែរ»។
គួរជម្រាបថា កាលពីថ្ងៃទី០៥ ខែតុលា រុស្ស៊ី និងឥណ្ឌាបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងលក់ S-400 ឱ្យឥណ្ឌា ក្នុងតម្លៃ ៥.៤ពាន់លានដុល្លារ នាឱកាសនៃការបំពេញដំណើរទស្សនិច្ចមកកាន់ទីក្រុងញូដេលី របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បើទោះជាមានការគំរាមការទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏ដោយ។ ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្គាល់ នោះគឺថាក្រុមអ្នកជំនាញមួយចំនួនយល់ថា វត្ដមាន S-400 នៅលើទឹកដីឥណ្ឌា អាចនឹងបង្កទៅជាការរត់ប្រណាំងសព្វាវុធ នៅក្នុងតំបន់ ដ្បិតប៉ាគីស្ថាននឹងមិននៅស្ងៀម ក្នុងការប្រឈមមុខនឹងការបង្កើនឥទ្ធិពលយោធាឥណ្ឌា។
ចាប់តាំងត្រូវបែងចែកជាពីរកាលពីឆ្នាំ១៩៤៧មក ឥណ្ឌាធ្លាប់បានធ្វើសង្រ្គាមជាមួយគ្នាចំនួនបីលើក នៅឆ្នាំ១៩៤៨ ១៩៦៥ និង១៩៧១ ហើយមកទល់នឹងពេលនេះ ប្រទេសទាំងពីរនៅតែមើលមុខគ្នាមិនចំដដែល ជាពិសេសទាក់ទិននឹងជម្លោះដែនដី នៅឯតំបន់កាស្មៀ ព្រមទាំងដែនទឹកផងដែរ៕