Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីកូរ៉េខាងត្បូង៖ ការលើកកម្ពស់សិទ្ធិមនុស្សតាមរយៈការដាក់ទណ្ឌកម្មអន្តរជាតិ គឺជាយុទ្ធសាស្ត្របរាជ័យ (Video inside)

13-10-2018 09:29

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននិយាយថាកូរ៉េខាងជើងកំពុងផ្លាស់ប្ដូរប្រកបដោយភាព វិជ្ជមានក្រោមការដឹកនាំរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយថាការដាក់សម្ពាធ ឬទណ្ឌកម្មពីសំណាក់ សហគមន៍អន្តរជាតិប្រឆាំងទីក្រុងព្យុងយ៉ាង ក្រោមហេតុផលសិទ្ធិមនុស្សគឺជាយុទ្ធសាស្ត្របរាជ័យ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨។

លោក មូន ជែអ៊ីន ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន BBC នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក មូន បានលើកឡើងដូច្នេះថា៖«សម្រាប់លោកប្រធាន គីម ខ្ញុំអាចនិយាយបានថាគាត់គឺជា មេដឹកនាំវ័យក្មេងម្នាក់ ប៉ុន្តែគាត់មានទស្សនៈវិស័យច្បាស់លាស់ដើម្បីអភិវឌ្ឍប្រទេសដ៏ក្រីក្ររបស់លោក...មិនតែប៉ុណ្ណោះ គាត់ក៏ជាមនុស្សម្នាក់ដែលចេះគួរសម និងស្មោះត្រង់ ព្រមទាំងចេះគោរពមនុស្សមានវ័យចំណាស់ជាងលោក។ ពោលគឺ ខ្ញុំអាចនិយាយថាគាត់គឺជាមេដឹកនាំចេះដាក់ខ្លួនបំផុត»។

បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរពីស្ថានភាពសិទ្ធិមនុស្សនៅកូរ៉េខាងជើង លោកប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ យល់ថាការដាក់សម្ពាធពីសំណាក់អន្តរជាតិប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ក្រោមហេតុផលសិទ្ធិមនុស្សគឺជាយុទ្ធសាស្ត្របរាជ័យ ។ «ការលើកកម្ពស់សិទ្ធិមនុស្សតាមរយៈការដាក់ទណ្ឌកម្ម ឬសម្ពាធពីអន្តរជាតិ គឺពិតជាមិនមានប្រសិទ្ធិភាពឡើយ»។ នេះ ជាការបន្ថែមរបស់លោក មូន។

គួរបញ្ជាក់ថា លោក មូន ជែអ៊ីន គឺជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេបំផុត ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ដែលបាន ថ្លែងសារទៅកាន់ប្រជាជនកូរ៉េខាងជើងនាឱកាសបំពេញដំណើរទស្សនកិច្ចក្នុងទីក្រុងព្យុងយ៉ាង កាលពីខែកញ្ញាកន្លងទៅ៕