(អាមេរិក)៖ ទោះបីជាទីបំផុត ព្យុះហឺរីខិន Michael បានចេញផុតទៅដល់មហាសមុទ្រអាត្លង់ទិចយ៉ាងណាក្តី វាបានបន្សល់ទុកការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ មិនងាយនឹងស្តាឡើងវិញ នៅតំបន់ភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក ជាពិសេសគឺរដ្ឋផ្លូរីដាតែម្តង ដែលបានទទួលរងការវាយលុកយ៉ាងពេញទី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CBS NEWS នៅយប់ថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨។
ព្យុះហឺរីខិន Michael បានបោកបក់យ៉ាងសន្ធប់មកលើភាគពាយ័ព្យរដ្ឋផ្លូរីដាកាលពីថ្ងៃពុធសប្តាហ៍នេះ ក្នុងកម្រិតជាព្យុះ Category 4 ដែលមានកម្លាំងខ្យល់ប្រមាណ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយក្រោយមកវាបានចាប់ផ្តើមថយចុះឥទ្ធិពល និងបន្តឆ្ពោះទៅភាគឦសាន ដោយឆ្លងកាត់រដ្ឋ Georgia ទៅដល់រដ្ឋ Carolina ខាងត្បូងនិងខាងជើង ព្រមទាំងរដ្ឋ Virginia ខណៈនាថ្ងៃសុក្រនេះ វាក៏បានបោកបក់ផុតទៅដល់មហាសមុទ្រអាត្លង់ទិច និងបានបាត់បង់អានុភាពមកត្រឹមជាព្យុះត្រូពិចធម្មតាប៉ុណ្ណោះ។
គួរជម្រាបថា Michael បានជាប់កំណត់ត្រាជាព្យុះហឺរិខិនដ៏ខ្លាំងក្លាមួយក្នុងប្រវត្តិសាស្រ្ត ដែលបានវាយប្រហារមកលើសហរដ្ឋអាមេរិក។ ក្រៅពីបន្សល់ទុកនូវទិដ្ឋភាពនៃបំផ្លិចបំផ្លាញហិនហោច ព្យុះកំណាចនេះ ក៏បានផ្តាច់ជីវិតមនុស្សយ៉ាងតិច១១នាក់ផងដែរ ដោយតួលេខនេះ ត្រូវអាជ្ញាធរអាមេរិកព្រួយបារម្ភថា អាចនឹងមានការកើនឡើងថែមទៀត៕