(សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun នៅថ្ងៃសុក្រនេះ បានកត់សម្គាល់ថា ទីក្រុងព្យុងយ៉ាងត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តរស់រានមានជីវិត បើទោះជាត្រូវទទួលរងទណ្ឌកម្មសេដ្ឋកិច្ចរយៈពេល ១០០ឆ្នាំក៏ដោយ តាមរយៈការពឹងផ្អែកលើកម្លាំងខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅល្ងាចថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨។
នៅក្នុងបទអត្ថាធិប្បាយរិះគន់ ចំពោះការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់អន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក Rodong Sinmun ក៏បានអំពាវនាវផងដែរឱ្យប្រជាជនកូរ៉េខាងជើងទាំងអស់ ចូលរួមជាមួយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង តាមរយៈការ ពឹងផ្អែកលើកម្លាំងខ្លួន ក្នុងការទប់ទល់ជាមួយការដាក់ទណ្ឌកម្ម ពីសំណាក់សត្រូវរបស់កូរ៉េខាងជើង។
Rodong Sinmun បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សត្រូវរបស់យើងកំពុងដាក់ទណ្ឌកម្មសង្កត់ករបស់យើង បន្ទាប់ពីពួកគេបរាជ័យក្នុងការផ្ដូលរំលំ កូរ៉េខាងជើងដោយប្រើប្រាស់កម្លាំងយោធា... ឱ្យពួកគេបន្តដាក់ទណ្ឌកម្មចុះមិនថា ១០ឆ្នាំ ឬក៏ ១០០ឆ្នាំ ក៏យើងនៅតែអាចបន្តរស់នៅ ហើយនឹងហែលឆ្លងរាល់ឧបសគ្គ ដើម្បីក្លាយជាមហាអំណាចពិភពលោកមួយ តាមការចង់បានរបស់ប្រជាជនយើង»។
គួរជម្រាបថា ការលើកឡើងរបស់ Rodong Sinmun កើតមានឡើងក្រោយនៅក្នុងកិច្ចប្រជុំត្រីភាគីនាពេលថ្មីៗនេះ ចិន រុស្ស៊ី និងកូរ៉េខាងជើង បានស្នើឱ្យមានការបន្ធូរបន្ថយការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ដើម្បីទទួលបានមកវិញ នូវការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ៕