(ផាលូ)៖ ការអប់រំប្រជាជនពីរបៀបការពារខ្លួន នៅពេលមានគ្រោះរញ្ជួយដី ត្រូវបានចោទសួរឡើងយ៉ាងផុលផុស នៅក្នុងប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីគ្រោះរញ្ជួយដីវាយប្រហារប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ជាបន្តបន្ទាប់ក្នុងឆ្នាំ២០១៨ នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨។
គ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ និងរលកយក្សស៊ូណាមិ ដែលបានវាយប្រហារលើកោះ Sulawesi កាលពីថ្ងៃទី២៨ ខែកញ្ញាកន្លងទៅ បានផ្ដាច់យកជីវិតមនុស្ស ២,០៧៣នាក់ ខណៈជាង ៥,០០០នាក់ ត្រូវបានគេជឿជាក់ថា នៅបាត់ខ្លួនក្រោយគ្រោះមហន្ដរាយនេះ។ «រាល់គ្រោះមហន្តរាយ គឺជាមេរៀនមួយសម្រាប់ការសិក្សា»។ នេះគឺជាការលើកឡើងរបស់ អ្នកនំាពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក Sutopo Purwo Nugroho នៅក្នុងសប្ដាហ៍នេះ។
លោក Nugroho បន្ថែមទៀតថា ប្រទេសឥណ្ឌូណេស៊ី មានកញ្ចប់ថវិកា ២៦២លានដុល្លារ ឬស្មើនឹង០.០០២ភាគរយ នៃកញ្ចប់ថវិការដ្ឋ ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយនានា។ ប៉ុន្តែ លោកនៅតែអះអាងថា ឥណ្ឌូណេស៊ីត្រូវការកញ្ចប់ថវិកាបន្ថែម និងរៀនសូត្រពីរបៀបត្រៀមខ្លួន ទប់ទល់នឹងគ្រោះមហន្តរាយពីប្រទេសជប៉ុន។
តែទោះជាយ៉ាងនេះក្ដី ក្រុមអ្នករិះគន់មួយចំនួនបានបន្ទោសអាជ្ញាធរ ទាក់ទិននឹងការអប់រំ ក៏ដូចជាការប្រកាសអាសន្នឱ្យប្រជាជនត្រៀមខ្លួន នៅពេលជួបគ្រោះមហន្តរាយម្ដងៗ។ ពួកគេយល់ថា ការអប់រំការប្រកាសសញ្ញាអាសន្ន ការហ្វឹកហាត់ ពីរបៀបការពារខ្លួន ក៏ដូចជាការរត់គេចខ្លួនទៅរកកន្លែងមានសុវត្ថិភាព នៅតែមានកង្វះខាតនៅឡើយចាប់តាំងពី គ្រោះមហន្តរាយរលកយក្សស៊ូណាមិកាលពីឆ្នាំ២០០៤។ ពោលគឺដោយសារតែកង្វះខាតទាំងនេះ ទើបធ្វើឱ្យប្រជាជនឥណ្ឌូណេស៊ីមួយចំនួន មិនដឹងពីវិធីការពារខ្លួននៅពេលមានគ្រោះរញ្ជួយដីម្ដងៗ។
គួរជម្រាបថា ប្រទេសឥណ្ឌូណេស៊ីគឺជាប្រទេសមួយ ដែលស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្លើងនៃតំបន់ប៉ាស៊ីហ្វិក ដែលជាហេតុធ្វើឱ្យប្រទេសមួយនេះជាប់គ្រោះរញ្ជួយដី ឬបន្ទុះភ្នំភ្លើងជាញឹកញប់។ ចំណែកឯគ្រោះមហន្តរាយដែលផ្ដាច់អាយុជីវិតប្រជាជនឥណ្ឌូណេស៊ីច្រើនជាងគេនោះគឺ រលកយក្សស៊ូណាមិកាលពីឆ្នាំ២០០៤ ដែលបានសម្លាប់មនុស្ស ១៦៨,០០០នាក់៕