(វ៉ាស៊ីនតោន)៖ ក្រុមអ្នកវិទ្យាសាស្ត្របានអភិវឌ្ឍន៍កាមេរ៉ាដ៏លឿនបំផុតមួយនៅក្នុងពិភពលោក ដែលអាចផ្តិតយករូបភាព ១០ទ្រីលាន frames ក្នុងមួយវិនាទី ជាមួយការបង្កើតលទ្ធភាពមើលឃើញពីបាតុភូតនៅក្នុងល្បឿនយឺតបំផុត ឬ slow motion ដែលប្រៀបបីដូចជាការបញ្ឈប់ពេលវេលាជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨។
យោងតាមការសិក្សាចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លើទស្សនាវាដ្ដី Science & Applications បានបង្ហាញថា ប្រព័ន្ធថ្មីនេះត្រូវបានអភិវឌ្ឍន៍ឡើង ដោយឈរលើមូលដ្ឋាន កាមេរ៉ាថតរូបលឿនបំផុត (femtosecond streak camera) ផ្សំជាមួយប្រភេទទិន្និន័យប្រើប្រាស់ នៅក្នុងកម្មវិធីមួយចំនួនដូចជាកាំរស្មីអិចជាដើម។
ជុំវិញបចេ្ចកវិទ្យាថ្មីនេះដែរ លោក វ៉ាង លីហុង (Wang Lihong) ជាសាស្ត្រាចារ្យមួយរូបមក ពីវិទ្យាស្ថាន California Institute of Technology (Caltech) បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «យើងបានដឹងដោយប្រើប្រាស់ femtosecond streak camera តែមួយគត់ ហើយវាជាអ្នកធ្វើឱ្យរូបភាពមានគុណភាពច្បាស់ល្អ តាមរយៈការថតរូបរាប់ពាន់លានសន្លឹក (Frames) រួមបញ្ចូលគ្នាក្នុងរយៈពេលតែមួយវិនាទី»។
សម្រាប់កាមេរ៉ាខាងលើមានឈ្មោះថា T-CUP ក៏មានសមត្ថភាពខ្ពស់ផងដែរក្នុងការវិភាគប្រតិកម្មរវាងពន្លឺ និងវត្ថុ នៅក្រោមស្ថានភាពដ៏កម្រៗនានា។ វាជាប់ឈ្មោះជាកាមេរ៉ា ដែលអាចថតពេលវេលាជាក់លាក់បំផុត នៅលើពិភពលោក (Real-time imaging speed) តាមរយៈល្បឿនចាប់យករូបភាពខ្ពស់បំផុតរបស់វា និងអាចថតសកម្មប្រភេទយឺត Slow Motion យឺតខ្លាំងបំផុត ស្ទើរតែអាចនិយាយបានថា ដូចនឹងពេលវេលាឈប់ដើរទៅហើយ៕