(ម៉ូស្គូ)៖ យោធារុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងម៉ុងហ្គោលី បានដឹកនាំការធ្វើសមយុទ្ធប្រឆាំងភេរវកម្មរួមគ្នាមួយ នៅឯតំបន់ស៊ីបេរីស្ថិតនៅភាគខាងកើតប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធារុស្ស៊ីបានបញ្ជាក់ទៀតថា សមយុទ្ធប្រឆាំងភេរវកម្មនេះធ្វើឡើងនៅក្រោមក្របខណ្ឌ នៃការធ្វើសមយុទ្ធយោធារួមគ្នាឈ្មោះ សេឡេងហ្គា ២០១៨ (Selenga-2018) នៅឯមជ្ឈមណ្ឌលបណ្ដុះបណ្ដាលយោធា ប៊ឺឌូនី (Burduny) នៃសាធារណរដ្ឋ ប៊ឺរីយ៉ាធា (Buryatia) ស្ថិតនៅក្នុងតំបន់ស៊ីបេរីភាគខាងកើតប្រទេសរុស្ស៊ី។
គួរជម្រាបថា សមយុទ្ធប្រឆាំងភេរវកម្មខាងលើ មានការចូលរួមពីយោធា ១,០០០នាក់ និងអង្គភាពចំនួន ២០០ មកពីប្រទេសទាំងពីរហើយសមយុទ្ធនេះ បានធ្វើឡើងចាប់តាំងតែពីផ្ដើមខែតុលា រហូតដល់ថ្ងៃទី១២ ខែតុលានេះ៕