(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាអាមេរិកលោក គ្រីស មឺហ្វី (Chris Murphy) និងលោក រ៉ូន ចនសុន (Ron Johnson) បានឱ្យដឹងថា ពួកគេទាំងពីរបានធ្វើបទបង្ហាញពីសេចក្ដីព្រាងច្បាប់ថ្មីមួយស្ដីពីសន្តិសុខថាមពលអឺរ៉ុប និងពិពិធកម្ម ក្នុងគោលបំណងបង្កើតជាវិធានការចាំបាច់នានា ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់រុស្ស៊ីទៅលើអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ សមាជិកព្រឹទ្ធសភាអាមេរិកទាំងពីរបានគូសបញ្ជាក់យ៉ាងដូច្នេះថា «រុស្ស៊ីកំពុងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីគ្រប់គ្រងទីផ្សារថាមពលជាមួយការបង្កើតបណ្ដាញពុករលួយ សំដៅបំផ្លាញលោកខាងលិច និងបណ្ដាប្រទេសដែលមិនមានសមត្ថភាពទប់ទល់នឹងរុស្ស៊ី ឬក៏លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន»។
គួរបញ្ជាក់ថា បើតាមលោក Murphy និងលោក Johnson ច្បាប់ស្ដីពីសន្តិសុខថាមពលអឺរ៉ុប និងពិពិធកម្មនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចំណាយប្រាក់ ០១ពាន់លានដុល្លារ សម្រាប់គំរោងថាមពលអឺរ៉ុប ព្រមទាំងបង្កើនទំនាក់ទំនងការទូត និងការគំាទ្របច្ចេកទេស ដែលអាចនឹងជួយឱ្យបណ្ដាប្រទេសនៅអឺរ៉ុប ទប់ស្កាត់ឥទ្ធិពលរុស្ស៊ី។
បន្ថែមពីលើនេះ ច្បាប់ខាងលើដដែលក៏បានឱ្យដឹងដែរថា ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍អាមេរិក រួមទាំងទីភ្នាក់ងារដទៃទៀតនៃរដ្ឋាភិបាលអាមេរិក នឹងផ្ដល់ការគាំទ្រការវិនិយោគក្នុងវិស័យឯកជន ក្រោមយុទ្ធសាស្ត្រនៃគំរោងថាមពល នៅតំបន់អឺរ៉ុបកណ្ដាល និងអឺរ៉ុបខាងកើត ពីឆ្នាំសារពើពន្ធ២០១៩ ដល់ឆ្នាំ២០២៣៕