(ហ្សាការតា)៖ ទីបំផុតរដ្ឋាភិបាលឥណ្ឌូណេស៉ី បានសម្រេចបញ្ចប់ប្រតិបត្តិការតាមស្វែងរកសពជនរងគ្រោះ ដែលបានបាត់បង់ជីវិត នៅក្នុងគ្រោះមហន្តរាយរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅត្រឹមថ្ងៃព្រហស្បតិ៍នេះហើយ បើទោះបីជាមនុស្សប្រហែលខ្ទង់ ៥,០០០នាក់ ត្រូវគេប៉ាន់ស្មានថានៅបន្តបាត់ខ្លួនក៏ដោយក្តី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨។
កាលពីថ្ងៃទី២៨ ខែកញ្ញាកន្លងទៅ គ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ និងរលកយក្សស៊ូណាមិកម្ពស់ ៦ម៉ែត្រ ដែលបង្កឡើងដោយរំញ័ររបស់វា បានបង្កការបំផ្លិចបំផ្លាញយ៉ាងធំធេង នៅលើកោះស៊ូឡាវែស៊ី (Sulawesi) ភាគកណ្តាលឥណ្ឌូណេស៉ី ជាពិសេសគឺទីក្រុង ផាលូ (Palu)។ មកទល់ពេលនេះសាកសពមនុស្សជាង ២,០០០នាក់ ត្រូវបានក្រុមសង្រ្គោះរុករកឃើញ ខណៈមនុស្សប្រមាណ ៥,០០០នាក់ទៀត ត្រូវគេព្រួយប៉ាន់ស្មានថា អាចកំពុងកប់ជាប់ក្រោមគំនរអគារបាក់បែក និងល្បាប់ភក់នៅតាមតំបន់រងគ្រោះ ដែលពិបាកខ្លាំងណាស់ក្នុងការស្វែង។
គួរជម្រាបថា អាជ្ញាធរឥណ្ឌូណេស៉ី ក៏បានរៀបចំទីតាំងនៅតំបន់រងគ្រោះធ្ងន់ចំនួនបី រួមមាន Balaroa, Petobo និង Jono Oge ដើម្បីគោរពវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះរាប់ពាន់នាក់ ដែលអាចនឹងពុំមានថ្ងៃរកឃើញផងដែរ ហើយតំបន់រងគ្រោះធ្ងន់ទាំងនោះអាច នឹងត្រូវទុកធ្វើជាផ្នូរតែម្តង ដោយមានស្តូបរំលឹកវិញ្ញាណក្ខន្ធមួយ កំពុងត្រូវបានរដ្ឋាភិបាលត្រៀមកសាងឡើងនៅទីរងគ្រោះនោះតែម្តង៕