(វ៉ាស៉ីនតោន)៖ ព្យុះហឺរីខិនដ៏មានឥទ្ធិពលមួយឈ្មោះថា ម៉ៃឃើល (Michael) បានបោកបក់ទៅដល់តំបន់ភាគពាយ័ព្យនៃរដ្ឋផ្លូរីដា សហរដ្ឋអាមេរិកជាមួយកម្លាំងខ្យល់ជិត ២៥០គីឡូម៉ែត្រក្នុងមួយម៉ោងនាថ្ងៃសប្តាហ៍នេះ (ពេលវេលានៅក្នុងតំបន់) ដោយបានបន្សល់ទុកស្លាកស្នាម នៃការបំផ្លិចបំផ្លាញជាច្រើន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Daily Mail (Mail Online) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨។
ក្រោយការមកដល់នៃព្យុះកំណាចលើនៅឯទីក្រុង Mexico Beach ផ្លូវថ្នល់នានាត្រូវបានជន់លិច ដើមឈើបានដួលរលំ និងផ្ទះសម្បែងបានរងការខូចខាត ខណៈមនុស្សម្នាក់ក៏បានបាត់បង់ជីវិតផងដែរ។ ព្យុះ Michael បានបោកបក់មកដល់សហរដ្ឋអាមេរិកក្នុងកម្រិតជាព្យុះ កម្រិត ៤ (Category 4) ជិតដល់កម្រិត ៥ (Category 5) ដែលជាកម្រិតខ្ពស់បំផុត មុនពេលវាបានថយចុះទៅ Category 3 នៅប៉ុន្មានម៉ោងក្រោយ ហើយនាពេលនេះមកនៅត្រឹមកម្រិត Category 1 ប៉ុណ្ណោះ។
គួរជម្រាបថា ខណៈនេះព្យុះខាងលើបានវាយលុកទៅដល់រដ្ឋ ហ្សកហ្ស៊ី (Georgia) និងកំពុងសំដៅបន្តទៅរករដ្ឋ ខារ៉ូលីណា (Carolina) ខាងត្បូង និងខាងជើងមុនចាកចេញទៅកាន់សមុទ្រអាត្លង់ទិកខាងជើង៕