ដូណាល់ ត្រាំ៖ បើគ្មានការយល់ព្រមពីអាមេរិកទេ កូរ៉េខាងត្បូងមិនអាចដកទណ្ឌកម្មសេដ្ឋកិច្ច ពីកូរ៉េខាងជើង ដោយចិត្តឯងនោះឡើយ! (Video inside)
11-10-2018 10:12
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា កូរ៉េខាងត្បូងនឹងមិនដកទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងកូរ៉េខាងជើងជាឯកតោភាគីជាដាច់ខាត បើគ្មានការយល់ព្រមពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨។
ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី កាង គ្យុងវ៉ា (Kang Kyung-wha) បានឱ្យដឹងថា ទីក្រុងសេអ៊ូលកំពុងពិចារណាថា តើគួរតែដកទណ្ឌកម្មសេដ្ឋកិច្ចឯកតោភាគី ពីទីក្រុងព្យុងយ៉ាង ឬក៏យ៉ាងណា។ ទណ្ឌកម្មសេដ្ឋកិច្ចនេះ ត្រូវបានអនុវត្តន៍ក្រោយកូរ៉េខាងជើងបាញ់ពន្លិចនាវាចម្បាំង កូរ៉េខាងត្បូងមួយគ្រឿងកាលពីឆ្នាំ២០១០។
ក៏ប៉ុន្តែថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននៅឯសេតវិមាន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ពួកគេ (កូរ៉េខាងត្បូង) នឹងមិនដកទណ្ឌកម្មសេដ្ឋកិច្ច ដោយគ្មានការយល់ព្រមរបស់យើងនោះទេ។ ពួកគេនឹងមិនអាចធ្វើអ្វីឡើយ ដោយគ្មានការអនុញ្ញាតពីពួកយើង»។
គួរបញ្ជាក់ថា ស្ថានភាពនៅលើឧបទ្វីបកូរ៉េ មានសភាពស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់ ក្រោយជំនួបទាំងបីលើករវាង លោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន។ ប៉ុន្តែទោះជាមានភាពស្ងប់ស្ងាត់ក៏ពិតមែន សហរដ្ឋអាមេរិកនៅតែបញ្ជាកជំហរជាដដែលៗថា ទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង នឹងមិនអាចត្រូវបានដក ឬបន្ធូរបន្ថយជាដាច់ខាត បើសិនជាកូរ៉េខាងជើងមិនរំសាយចោល នូវអាវុធនុយក្លេអ៊ែររបស់ខ្លួនទាំងស្រុងជាមុន៕