(ណៃរ៉ូប៊ី)៖ ប្រធានាធិបតីកេនយ៉ាបានប្រកាសកាន់មរណទុក្ខទូទាំងប្រទេស បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានផ្តាច់ជីវិតមនុស្សរហូតដល់ទៅ ៥០នាក់ និងជាច្រើននាក់ទៀតរងរបួសនៅភាគខាងលិច នៃប្រទេសអាហ្វ្រិកមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាយប់ថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២០១៨។
កាលពីព្រឹកថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងណៃរ៉ូប៊ី) គ្រោះថ្នាក់ចរាចរណ៍ដែលត្រូវបានចាត់ទុកថា អាក្រក់បំផុតប្រចាំឆ្នាំ២០១៨ នៅក្នុងប្រទេសកេនយ៉ា បានកើតឡើងនៅក្នុងស្រុក Kericho តាមផ្លូវពីទីក្រុងណៃរ៉ូប៊ី ឆ្ពោះទៅកាន់ទីក្រុង Kakamega ដោយរថយន្តក្រុងប្រភេទ ៦៧ កៅអី បានរអិលធ្លាក់ចេញពីផ្លូវហៃវ៉េយ៍ ចូលទៅក្នុងជ្រលងក្បែរផ្លូវ បណ្តាលឲ្យមនុស្សជិះនៅលើនោះ ៥០នាក់ស្លាប់នៅហ្នឹងកន្លែងកើតហេតុ និងមួយចំនួនទៀតរងរបួស។
គួរបញ្ជាក់ថា ក្រោយកើតហេតុការណ៍បន្តិចមានសេចក្តីរាយការណ៍ថា មនុស្ស ៤២នាក់បានស្លាប់ ប៉ុន្តែដោយសារអ្នកដំណើរមួយចំនួនទៀត បានរងរបួសធ្ងន់ពេករហូតដល់បាត់បង់ជីវិតបន្ថែមទៀតនោះ ទើបចំនួនអ្នកស្លាប់មានការកើនឡើង។ គ្រាន់តែដឹងដំណឹងដ៏រន្ធត់នេះភ្លាម រដ្ឋាភិបាលកេនយ៉ានៅព្រឹកថ្ងៃពុធដដែល បានប្រកាសយកថ្ងៃនេះតែម្តង ធ្វើជាថ្ងៃកាន់មរណទុក្ខ និងតម្រូវឲ្យមានការឈប់សម្រាកនៅទូទាំងប្រទេសតែម្តង៕