(ឡូសអាន់ជែឡេស)៖ កំពូលតារាចម្រៀងប៉ុបរបស់អាមេរិកនាង Taylor Swift បានក្រសោបយកពានម្តងបួនតែម្តង នៅក្នុងកម្មវិធី 2018 American Music Awards (AMAs) ដែលប្រារព្ធឡើងនៅក្នុងមហោស្រព Microsoft Theater ទីក្រុង Los Angeles នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២០១៨។
តារាចម្រៀងប៉ុប ដែលមានប្រភពមកពីតារាចម្រៀងចង្វាក់ជនបទ (Country) ខាងលើនេះ បានសម្តែងនូវបទចម្រៀងមួយ ដែលមានចំណងជើងថា «I Did Something Bad» នៅក្នុងកម្មវិធីខាងលើ និងបានឈ្នះពានរង្វាន់ក្នុងស្រុក គឺអ្នកនិពន្ធប្រចាំឆ្នាំ (Artist of the Year), អាល់ប៊ុមចម្រៀងប៉ុប និងរ៉ុកពេញនិយមបំផុត (Favorite Pop/Rock Album), អ្នកនិពន្ធចម្រៀងនាទីប៉ុប និងរ៉ុកពេញនិយមបំផុត (Favorite Pop/Rock Female Artist) និងអាល់ប៊ុលចម្រៀង Tour ពេញនិយមប្រចាំឆ្នាំ (Favorite Tour of the Year)។
ក្រោយទទួលបានពានជ្រែកខ្លួនខាងលើនេះ នាង Taylor Swift បានថ្លែងទៅប្រាប់អ្នកគាំទ្រទាំងអស់របស់នាងថា «អរគុណអ្នកទាំងអស់គ្នាខ្លាំងណាស់ សម្រាប់និមិត្តរូបនៃការគាំទ្រដែលមិនអាចកាត់ថ្លៃបាននេះ»។ វាពិតជាក្តីរំភើបបំផុតសម្រាប់ Taylor Swift ដោយក្នុងចំណោមពានទាំង ៤ ដែលនាងបានឈ្នះនោះ មានពានមួយជាពានធំបំផុតប្រចាំឆ្នាំនោះគឺ Artist of the Year។
បន្ថែមពីនេះទៀតនាង Taylor Swift ក៏បានអំពាវនាវឲ្យគ្រប់គ្នា ត្រៀមខ្លួនសម្រាប់ការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក នៅថ្ងៃទី០៦ ខែវិច្ឆិកា ខាងមុខនេះផងដែរ។ នាងបានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «អ្នកទាំងអស់គ្នាដឹងហើយថា តើអ្នកទាំងអស់គ្នាអាចបោះឆ្នោតទៅលើអ្វីទៀត... ចេញទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី០៦ ខែវិច្ឆិកា ខាងមុខ»។
គួរបញ្ជាក់ថា ក្រៅពី Taylor Swift នាង Camila Cabello ម្ចាស់បទចម្រៀងពេញនិយមបំផុតគឺ «Havana» ក៏បានឈ្នះពានចំនួន ៤ ផងដែរនៅក្នុងកម្មវិធី 2018 American Music Awards ដោយក្នុងនោះមានដូចជា ពានវីដេអូចម្រៀងពេញនិយមបំផុត (Favorite Music Video), ចម្រៀងប៉ុប និងរ៉ុកពេញនិយមបំផុត (Favorite Pop/Rock Song), ការសហការល្អបំផុតប្រចាំឆ្នាំ (Collaboration of the Year) និង អ្នកនិពន្ធថ្មីប្រចាំឆ្នាំ (Artist of the Year)៕