(អាមេរិក)៖ កែវយឺតអវកាស Hubble ដែលមានសមត្ថភាពខ្លាំងអស្ចារ្យ អាចឆ្លុះរកឃើញកាឡាក់ស៊ីរាប់មិនអស់នៅក្នុងចក្រវាឡនេះ ពេលនេះកំពុងជួបប្រទះបញ្ហាធំៗមួយចំនួន ដោយបានធ្វើឲ្យវាលោតសញ្ញា Safe Mode ប៉ុន្តែក្រុមការងារអង្គការ NASA ដែលគ្រប់គ្រងលើវានេះកំពុងព្យាយាមស្តារស្ថានការណ៍ឲ្យប្រសើរឡើងវិញហើយ។ នេះបើតាមការចេញផ្សាយដោយ វែបសាយ Space នាព្រឹកថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២០១៨។
ក្រោយពីជួបប្រទះបញ្ហាផ្អាកដំណើរការបណ្តោះអាសន្នខាងលើនេះ អង្គការ NASA បានចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ ដោយខ្លួនបានអះអាងថា កែវយឺតត្រូវបានបាញ់បង្ហោះតាំងតែពីឆ្នាំ១៩៩០នេះ នឹងវិលមកដំណើរការជាប្រក្រតីវិញក្នុងពេលឆាប់ៗ ហើយបើតាមស្ថានភាពរបស់វា Hubble នេះអាចនឹងដំណើរការបានយ៉ាងរលូនឡើងវិញ និងបន្តផ្តិតយករូបភាពដ៏អស្ចារ្យនៃចក្រវាឡ បានរាប់ឆ្នាំទៅមុខទៀតឯណោះ។
កែវយឺតនេះមានរហស្សនាមថា Astronomical Eye Candy ដែលជាកែវភ្នែកអវកាសរបស់ភពផែនដីក្នុងការសំឡឹងមើលទៅគ្រប់ទិសទីក្នុងចក្រវាឡ ហើយនៅក្នុងរយៈពេលជិតបីទសវត្សរ៍មកនេះរូបភាពប្រកបដោយអត្ថបទប្រយោជន៍ខ្ពស់ជាច្រើន ត្រូវបាន Hubble ផ្តិតយក និងបញ្ជូនមកភពផែនដី ដើម្បីឲ្យក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រធ្វើការសិក្សា ដូចជា រូបភាពពីកញ្ចុំផ្កាយតូចធំ បាតុភូតសូពើណូវ៉ា តារាធំៗដែលបញ្ចេញពន្លឺចម្លែក និងអស្ចារ្យ ព្រមទាំងកាឡាក់ស៊ីផ្សេងៗទៀត ដែលមានចម្ងាយរហូតដល់ ១០០លានឆ្នាំពន្លឺឯណោះ។
គួរបញ្ជាក់ថា បច្ចុប្បន្នេះ Hubble កំពុងតែស្ថិតនៅក្នុងគន្លងគោចរជុំវិញភពផែនដី ក្នុងរយៈកម្ពស់ ៥៦៩គីឡូម៉ែត្រ ប៉ុន្តែរយៈកម្ពស់នេះមិននៅស្ថិតស្ថេរនោះឡើយ ដោយអាចឡើងនឹងចុះបន្តិចបន្តួចជានិច្ច អាស្រ័យលើការប្រែប្រួលនៃបរិយាកាសភពផែនដី។ Hubble មានសមត្ថភាពខ្ពស់ក្នុងការឃើញនូវអ្វី ដែលភ្នែកមនុស្សមិនអាចមើលឃើញ ហើយការសំឡឹងមើលកាឡាក់ស៊ីមួយ ដែលមានចម្ងាយ ១០០លានឆ្នាំពន្លឺ ពីវានោះមានន័យថា វាបានឃើញទម្រង់នៃកាឡាក់ស៊ីនោះកាលពី ១០០លានឆ្នាំមុនប៉ុណ្ណោះ៕