(យូអិន)៖ ក្រោយពីទទួលបានដំណឹងនៃការលាលែងចេញពីតំណែង របស់លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ (UN) នោះអគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គួទែរែស បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅក្រៃលែងចំពោះលោកស្រី ដែលបានបំពេញការងារបានយ៉ាងល្អប្រសើរ និងជួយជ្រោមជ្រែងស្ថាប័នកំពូលអន្តរជាតិនេះកន្លងមក។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២០១៨។
អ្នកនាំពាក្យអគ្គលេខាធិការ UN បានបញ្ជាក់ថា អំឡុងនៃការកាន់តំណែងរបស់អគ្គរដ្ឋទូតអាមេរិកប្រចាំនៅ UN នេះលោកស្រី Haley និងលោក ហ្គួទែរែស បានបង្កើតនូវចំណងទាក់ទងផ្នែកការងារប្រកបដោយផ្លែផ្កាខ្លាំងណាស់ ជាពិសេសគឺរវាងសហរដ្ឋអាមេរិក និងស្ថាប័នកំពូលលើលោកមួយនេះតែម្តង ដើម្បីជាប្រយោជន៍សម្រាប់ស្ថាប័ន UN ទាំងមូល។ បច្ចុប្បន្ននេះ លោកអគ្គលេខាធិការមិនទាន់ទទួលបានការបញ្ជាក់ណាមួយ ពីលោកស្រី Haley ចំពោះការលាលែងនេះឡើយ ដោយលោកកំពុងជាប់រវល់បំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី។
គួរបញ្ជាក់ថា នៅថ្ងៃទី០៩ ខែតុលា ម្សិលមិញនេះលោកស្រី Nikki Haley បានប្រគល់លិខិតលាលែងចេញពីតំណែងជូនដល់ លោក ដូណាល់ ត្រាំ ហើយប្រធានាធិបតីអាមេរិករូបនេះក៏បានបញ្ជាក់ងដែរថា លោកបានទទួលលិខិតរបស់លោកស្រីហើយ ដោយលោកស្រី Haley នឹងលាលែងចេញពីតំណែងជាផ្លូវការនៅចុងឆ្នាំ២០១៨។
ទោះបីមិនទាន់មានមូលហេតុជាក់ច្បាស់ណាមួយ ដែលបញ្ជាក់ពីកាលែងចេញពីតំណែងដ៏គួរឲ្យភ្ញាក់ផ្អើល របស់មន្ត្រីជំនិតបំផុតរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ នេះក្តីក៏លោក ត្រាំ បានបញ្ជាក់ហើយថា លោកស្រី Nikki ធ្លាប់បានប្រាប់ពីលោកពីចេតនាចង់លាលែងនេះ តាំងតែពីរយៈពេល ៦ ខែមុនមកម្ល៉េះ ដោយលោកស្រីបានអះអាងថា ចង់យកពេលសម្រាក។
លោកស្រី Haley គឺជាមន្ត្រីដែលបានបម្រើលោក ដូណាល់ ត្រាំ តាំងតែពីលោកស្បថឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ មកម្ល៉េះ ហើយស្នាដៃដែលគួរឲ្យកត់សម្គាល់របស់លោកស្រី គឺការព្យាយាមការពារនយោបាយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ នៅលើឆាកអន្តរជាតិ ជាពិសេសគឺការទាញសហរដ្ឋអាមេរិកឲ្យចាកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដែលកាលណោះលោកស្រីបានហៅស្ថាប័នេះថា ជាបរាជ័យដ៏អាក្រក់មួយរបស់ UN៕